មហិច្ឆតាវិសាខា មិនបញ្ចប់ត្រឹម កែវ សុខផេង និង សុខ សុវណ្ណ ឡើយ!

នូ មករា May 31, 2018


ភ្នំពេញ៖ ទោះបីក្លឹបបាល់ទាត់វិសាខា បានទាញយកកីឡាករល្អៗជាច្រើន ដើម្បីពង្រឹងខ្លួនក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងត្រៀមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ នោះទេ ជាក់ស្ដែងម្សិលមិញពួកគេបានបន្ថែម កែវ សុខផេង និង សុខ សុវណ្ណ ដែលសុទ្ធតែជាកីឡាករជម្រើសជាតិក្ដី ប៉ុន្ដែមហិច្ឆតារបស់ក្លឹបចំណូលថ្មីមួយនេះ នៅមិនទាន់គ្រប់គ្រាន់ឡើយ បន្ទាប់ពីថ្នាក់ដឹកនាំក្រុម បានប្រកាសបើកទ្វារស្វាគមន៍កីឡាករមានសមត្ថភាពបន្ដទៀតដើម្បីជំរុញក្រុមឡើងពីលីគទី២ នេះឲ្យដល់គោលដៅខ្លួនចង់បាន ។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា បានថ្លែងក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញថា ដោយក្រុមខ្លួន គឺជាក្រុមថ្មី មិនទាន់មានលក្ខណៈសម្បត្តិល្អ ១០០% ដើម្បីប្រកួតប្រជែងក្រុមមានបទពិសោធន៍ច្រើនឆ្នាំ ពិតណាស់វិសាខា គឺត្រូវកីឡាករល្អៗ ដែលមានបទពិសោធន៍បន្ថែម ដូចជា កែវ សុខផេង និង សុខសុវណ្ណ ជាដើម ។ ប៉ុន្ដែការបើកទ្វារទទួលកីឡាករល្អៗបន្ថែម មិនបញ្ចប់ត្រឹមនេះឡើយ ដោយសារមហិច្ឆតារបស់ថ្នាក់ដឹកនាំ ចង់ជំរុញក្លឹបមួយនេះឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងទទួលបានលទ្ធផលល្អគ្រប់ការប្រកួត ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ បាននិយាយថា៖ «ពាក់ព័ន្ធរឿងហ្នឹង សំខាន់កីឡាករ មានន័យថា គាត់មានបទពិសោធន៍ខ្ពស់ គាត់លេងបានច្រើន គាត់លេងជម្រើសជាតិ និងលេងក្រៅប្រទេស ចឹងមានន័យថា គាត់មានបទពិសោធន៍ ។ ចឹងពាក់ព័ន្ធជាមួយនឹងការយកគាត់(សុខផេង)មក គឺយើងចាំបាច់ ក្លឹបយើងត្រូវការកីឡាករមានបទពិសោធន៍ អុីចឹងបើសិនមានកីឡាករល្អណាមកទៀត យើងនឹងទទួលយកទៀត ព្រោះយើងត្រូវការជំរុញក្លឹបឲ្យបានខ្លាំង ដោយសារក្លឹបយើងថ្មី» ។

សូមបញ្ជាក់ថា វិសាខា គឺជាក្រុមចំណូលថ្មី ប៉ុន្ដែពួកគេបានចាយលុយជាច្រើន ដើម្បីនាំយកកីឡាករមានបទពិសោធន៍ទៅជួយក្រុមខ្លួន ក្នុងនោះក្រៅពីកីឡាករដ៏មានសក្ដានុពល គឺកីឡាករកូរ៉េខាងជើង ៥រូប ពួកគេបាននាំយកកីឡាករល្អៗក្នុង ដូចជា រស់ សំអឿន, សាន គឹមហេង, ង៉យ ស្រ៊ីន និងអ្នកចាំទី កែវ សុខសិលា ជាដើម ដែលបានចូលរួមតាំងពីដើមរដូវកាល ខណៈ កែវ សុខផេង និង សុខ សុវណ្ណ ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីជួយក្រុមថ្មីលើសមរភូមិវាលខ្មៅ ក្នុងការប្រកួតជើងទី២ និងពានសម្ដេចតេជោ ហ៊ុន សែន ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់