ច្បាស់ហើយ! សមាជិកថ្មីរបស់វិសាខា​គឺខ្សែប្រយុទ្ធ កែវ សុខផេង និងខ្សែការពារ សុខ សុវណ្ណ!

នូ មករា May 30, 2018


ភ្នំពេញ៖ នៅទីបំផុតគេបានដឹងហើយថា កីឡាករ កែវ សុខផេង និងសុខ សុវណ្ណ ពិតជាបានចូលរួមជាមួយក្លឹបបាល់ទាត់វិសាខា យ៉ាងពិតប្រាកដ បន្ទាប់ពីទទួលបានព័ត៌មានផ្លូវការនារសៀលថ្ងៃទី៣០ ខែឧសភា នេះរួចមក ។ ជាមួយនឹងការចូលរួមនេះ កីឡារករ កែវ សុខផេង បានលើកឡើងថា ការចូលរួមនេះបានធ្វើឡើងបន្ទាប់ពីមានការចរចាមិនបានសម្រេចជាមួយក្លឹបចាស់ (ភ្នំពេញក្រោន) ហើយរូបគេត្រូវការក្លឹបលេងជាចាំបាច់ដើម្បីអាចមានឳកាសហ្វឹកហាត់ ក៏ដូចជាចូលរួមជាមួយក្រុមជម្រើសជាតិជាដើម ។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះមិនបានបញ្ជាក់ពីព័ត៌មានលម្អិតបន្ថែមនោះទេ ។ បើតាមប្រភពមិនផ្លូវការ សម្រាប់ការរួមរស់ជាមួយក្លឹបថ្មីនេះដែរគឺមានរយៈពេល ២ឆ្នាំកន្លះ ខណៈដែលរូបគេប្តេជ្ញាថា នឹងព្យាយាមលេងឲ្យបានល្អដូចអ្វីដែលរូបគេធ្លាប់បានធ្វើនៅភ្នំពេញក្រោនដែរ ។

សូមបញ្ជាក់ថា កីឡាករដែលមានប្រភពមកពីខេត្តក្រចេះរូបនេះ បានចូលរួមជាមួយក្លឹបជើងឯក ៦សម័យកាលភ្នំពេញក្រោន កាលពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧ មុននឹងបញ្ចប់កិច្ចសន្យារួចប្តូរទៅលេងនៅក្លឹប PKNP របស់ម៉ាឡេសុីវិញនាដើមឆ្នាំ២០១៨នេះ ។ នៅលើទឹកដីអាស៊ានដែនកោះនេះ រូបគេបានទាត់បញ្ចូលទី ១គ្រាប់ និងបានក្លាយជាកីឡាករកម្ពុជាទី១ ដែលរកបានគ្រាប់បាល់មុនគេនៅលីគកំពូលម៉ាឡេសុី ។ យ៉ាងណាក៏ដោយ កែវ សុខផេង បានសម្រេចចែកផ្លូវជាមួយក្លឹបបរទេសនៅមុនបញ្ចប់ជើងទី១ ហើយបានវិលត្រលប់មកកម្ពុជាវិញយ៉ាងស្ងប់ស្ងាត់ ស្របពេលដែលមានលេចលឺថា កីឡាករវ័យក្មេងរូបនេះស្ថិតនៅក្រោមការតាមប្រមាញ់របស់គ្រូធំក្រុមវិសាខា និងអគ្គិសនីកម្ពុជា ។

ដោយឡែកកីឡាករ សុខ សុវណ្ណ អតីតខ្សែការពាររបស់ក្រុមបឹងកេត ក៏ស្រដៀងគ្នាដែរ ស្ងាត់ៗ ក្រោយខកខានបង្ហាញវត្តមានជាមួយក្រុមការពារតំណែងជើងឯកនេះ គេបែរជាមកលេចមុខជាមួយក្រុមថ្មីវិសាខាទៅវិញ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ។ តែបើតាមព័ត៌មានបឋមពីប្រភពជិតស្និតនឹងអតីតកីឡាករជម្រើសជាតិរូបនេះ បានបញ្ជាក់ថា ការចាកចេញពីក្លឹបបឹងកេត ដោយសារ សុវណ្ណ ចង់ទទួលបាននូវបទពិសោធន៍ថ្មីដើម្បីមានឱកាសជាប់ក្រុមជម្រើសជាតិឡើងវិញ ៕

 

អត្ថបទ៖ មករា និងបុត្រា

 

 

មតិយោបល់