ក្នងចំណោមខ្សែប្រយុទ្ធទាំង ៣ តើនរណាដែលនឹងចូលរួមជាមួយវិសាខា?

នូ មករា May 30, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបវិសាខា បានឱ្យដឹងថា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ក្លឹបនឹងធ្វើសន្និសីទសារព័ត៌មានប្រកាសពីការចូលរួមរបស់សមាជិកថ្មីមួយរូបដែលមិនទល់ពេលនេះមិនទាន់មានការបង្ហាញអត្តសញ្ញាណជាផ្លូវការនៅឡើយ ។ យ៉ាងណាក៏ដោយ យោងតាមប្រភពគួរឱ្យទុកចិត្តបានឱ្យដឹងថា សមាជិកថ្មីនេះគឺជាកីឡាករម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធទាំង ៣រូបរបស់កម្ពុជាដែលទើបតែបញ្ចប់កិច្ចសន្យាជាមួយក្លឹបនៅលីគម៉ាឡេសុី ។ តើជាកីឡាកររូបណា?

បើពិនិត្យលើភាពជាក់ស្តែងយើងសង្កេតឃើញថា គិតមកត្រឹមពេលនេះ អ្នកទាំង៣ សុទ្ធតែមិនទាន់មានការប្រកាសជាផ្លូវការពីការចូលរួមជាមួយក្លឹបចាស់របស់ពួកគេនៅឡើយ ក៏ប៉ុន្តែម្ចាស់ថ្មីរបស់ក្លឹបបឹងកេតគឺលោកស្រី ពុធ ធីតា បានបញ្ជាក់ហើយថា ក្លឹបបឹងកេតនឹងធ្វើការចរចារដើម្បីនាំយកកីឡាករ ចាន់ វឌ្ឍនាកា មកចូលរួមជាមួយក្លឹបវិញ ខណៈដែលខ្សែប្រយុទ្ធរូបនេះស្ថិតនៅក្នុងកិច្ចសន្យាខ្ចីជើងទៅក្លឹបបរទេសនាពេលកន្លងមក ដូច្នេះ ភាគរយខ្ពស់គឺរូបគេអាចនឹងនៅជាមួយក្លឹបបឹងកេតបន្តទៀត ។

ចុះចំពោះ ប្រាក់ មុន្នីឧត្តម វិញ? កីឡាកររូបនេះក៏ទើបតែបញ្ចប់កិច្ចសន្យាជាមួយក្លឹប Negeri Sembilan របស់ម៉ាឡេសុីដែរ ហើយទោះបីស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ក៏ពិតមែន ប៉ុន្តែមានព័ត៌មានខ្លះៗបញ្ជាក់ថា រូបគេកំពុងហ្វឹកហាត់ជាមួយមិត្តរួមក្រុមព្រះខ័នរាជស្វាយរៀង ខណៈដែលថ្នាក់ដឹកនាំក្លឹបក៏ពេញចិត្ត និងមានបំណងនាំយកកីឡាកររូបនេះចូលរួមជាមួយក្លឹបបន្តទៀតដែរ ។ ប្រភពដដែលបានអះអាងថា ប្រាក់ មុន្នីឧត្តម នឹងបន្តលេងនៅក្លឹបចាស់របស់ខ្លួនយ៉ាងពិតប្រាកដ ។

យ៉ាងណាក៏ដោយ សម្រាប់កីឡាករ កែវ សុខផេង ហាក់ដូចជាមានភាពផ្ទុយគ្នាពីករណី ២ខាងលើ! ដោយហេតុថា ភាគីក្លឹបភ្នំពេញក្រោន បានរក្សាភាពស្ងប់ស្ងាត់ដោយមិនមានការបញ្ជាក់ណាមួយពីការចូលរួមរបស់អតីតកីឡាករលេខ ១០នេះទេ ។ ជាងនេះទៅទៀត មានការលើកឡើងជាបន្តបន្ទាប់ថា ខ្សែប្រយុទ្ធរូបនេះអាចនឹងចាកចេញពីក្លឹបចាស់របស់ខ្លួនដោយសារការចរចារលក្ខខណ្ឌមិនត្រូវគ្នា មួយវិញទៀត ក្លឹបមានបំណងប្រើប្រាស់ធនធានជំនាន់ក្រោយឱ្យបានកាន់តែច្រើនដើម្បីផ្តល់ឱកាសឱ្យពួកគេអាចពង្រឹងសមត្ថភាពបានកាន់តែល្អ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មានប្រភពពីក្លឹបវិសាខាបានបង្ហើបឱ្យដឹងថា ថ្នាក់ដឹកនាំក្លឹបបានព្យាយាមចរចារដើម្បីនាំយកកីឡាកររូបនេះមកចូលរួម ស្របពេលដែល កែវ សុខផេង ក៏បានបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនតាំងពីមុនទៅលេងនៅលីគម៉ាឡេសុីម្ល៉េះ ។ ទោះជាយ៉ាងណា ចម្លើយនឹងដឹងច្បាស់នារសៀលនេះ ថាតើសមាជិកថ្មីរបស់វិសាខា គឺជា កែវ សុខផេង, ចាន់ វឌ្ឍនាកា ឬអាចជា ប្រាក់ មុន្នីឧត្តម?

អត្ថបទ៖ មករា

 

 

មតិយោបល់