លីគកំពូលកម្ពុជា៖ អង្គរថាយហ្គឺរ ប៉ះវេស្ទើនបង្ហើយកិច្ចសប្ដាហ៍ទី៧ ថ្ងៃនេះ

នូ មករា May 29, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ នឹងបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ទទួលក្រុមបាតតារាងវេស្ទើនភ្នំពេញ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ ដើម្បីបង្ហើយកិច្ចការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បន្ទាប់ពីមិនបានធ្វើការប្រកួតដូចការគ្រោងទុកកាលពីចុងសប្ដាហ៍កន្លងទៅ ដោយសារមានការផ្លាស់ប្ដូរទីលាន ។

នេះគឺជាការប្រកួតលើកដំបូង សម្រាប់រដូវកាលថ្មីនេះ ដែលក្រុមអង្គរថាយហ្គឺរ បើកទ្វារកីឡដ្ឋានខេត្តសៀមរាបទទួលក្រុមភ្ញៀវ ក្រោយទទួលបានគោលការណ៍អនុញ្ញាតឲ្យប្រើប្រាស់ពីក្រសួងអប់រំ យុវជន និងកីឡា និងធ្វើការជួសជុលរួចមក ខណៈ ៦សប្ដាហ៍កន្លងទៅ ក្រុមដឹកនាំដោយជនជាតិជប៉ុនមួយនេះ គឺបានប្រើប្រាស់ទីលានពហុកីឡដ្ឋានជាតិជាបណ្ដោះអាសន្ន ។

 

យ៉ាងណាមិញការចាប់ផ្ដើមរដូវកាលថ្មីនេះ ទាំងក្រុមអង្គរថាយហ្គឺរ និងវេស្ទើន សុទ្ធតែទទួលបានលទ្ធផលមិនសូវគាប់ប្រសើរនោះទេ ជាក់ស្ដែងឆ្លងកាត់ ៦ប្រកួតកន្លងមកក្រុមអង្គរថាយហ្គឺរ កំពុងឈរលេខរៀងទី៩ និងមាន ៧ពិន្ទុប៉ុណ្ណោះ ជាមួយនឹងលទ្ធផលឈ្នះ២ ស្មើ១ និងចាញ់៣ គ្រាដែលវេស្ទើន ៦ប្រកួតគ្មានពិន្ទុរាប់នឹងគេឡើយ ដោយចាញ់ទាំងអស់ ។ ដូច្នេះចាំមើលរសៀលនេះ តើវេស្ទើន ដែលស្គាល់ពាក្យឈ្នះលើកដំបូង ឬអង្គរថាយហ្គឺររកបាន ៣ពិន្ទុបន្ថែម?
អត្ថបទ៖ បុត្រា

 

មតិយោបល់