លេចលឺថា Real Madrid ចង់លក់ Gareth Bale ចេញក្នុងតម្លៃជាង ៤០០លានដុល្លារ!

នូ មករា May 29, 2018


អង់គ្លេស៖ តាមប្រភពពីបណ្តាញសារព័ត៌មាន Mirror របស់អង់គ្លេសបានឱ្យដឹងថា​ ក្លឹបបិសាចក្រហម ManUtd កំពុងតែធ្វើការពិចារណាដោយប្រុងប្រយ័ត្នបំផុតចំពោះតម្លៃខ្លួនរបស់កីឡាករ Gareth Bale ខណៈដែលក្លឹប Real Madrid បានដាក់តម្លៃខ្ពស់កប់ពពកពោលគឺរហូតដល់ ៣៣៥លានផោន ឬស្មើនឹង ៤៤៦លានដុល្លារឯណោះ​ ។

តាមប្រភពដដែលបានឱ្យដឹងថា លោក Jose Mourinho អ្នកចាត់ការទូទៅក្លឹប ManUtd បានថ្លែងថា លោកមានក្តីបារម្ភព្រោះក្លឹបមិនមានធនធានច្រើនសម្រាប់ចំណាយលើកីឡាកររូបនេះទេ ដូច្នេះការសម្រេចចិត្តនានាត្រូវតែធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ។ សូមបញ្ជាក់ថា តាមព័ត៌មានក្រៅផ្លូវការ ក្លឹប Real Madrid បានដាក់តម្លៃលក់ Bale ចំនួន ២០០លានផោន (២៦៦ លានដុល្លារ) បូកបន្ថែមជាមួយនឹងថ្លៃពលកម្មចំនួន ១៣៥លានផោន (១៨០លានដុល្លារ) ទៀតសម្រាប់រយៈពេល ៤ឆ្នាំ ។

គួររំលឹកថា ខ្សែបម្រើប្រយុទ្ធសញ្ជាតិ Wales រូបនេះកំពុងឡើងកូដកាន់តែខ្លាំងបន្ទាប់ពីរូបបាន ២គ្រាប់ដើម្បីជួយឱ្យក្រុម Real Madrid បានលើកពាន UEFA Champion League 2018 រួចមក ៕

អត្ថបទ៖ មករា

ប្រភព៖ Goal

មតិយោបល់