គ្រូវិសាខា កោតសរសើរវិន័យ និងឆន្ទៈរបស់កីឡាករប៉ូលិស ក្រោយស្គាល់ចាញ់លើកទី២

នូ មករា May 29, 2018


ភ្នំពេញ៖ លោក ហុក សុជីវ័ន្ត បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះការរបូត ៣ពិន្ទុ ក្រោយចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ៣-១ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលការបរាជ័យនេះ ត្រូវបានលោកលើកឡើងថា ដោយសារក្រុមប៉ូលិសមានវិន័យ និងឆន្ទៈខ្លាំងជាកូនក្រុមរបស់ខ្លួន ។
អតីតគ្រូបង្វឹកក្រុមអង្គរថាយហ្គឺររូបនេះ និយាយថា៖ «ខ្ញុំទទួលស្គាល់សមត្ថភាពកីឡាករ ទៅតាមតំបន់ក្នុងការលេង កីឡាករតំបន់ខ្លះយើងលើគេ តែតំបន់ខ្លះយើងក្រោមគេ តែកត្តាសំខាន់លើបញ្ហាវិន័យ និងឆន្ទៈនៃការលេងរបស់គេខ្លាំងជាងយើង គឺខ្លាំងដាច់តែម្ដង បូករួមទាំងកត្តាចិត្តសាស្ដ្រគេខ្លាំងជាងយើងផងដែរ» ។
ការលើកឡើងដូច្នេះ ដោយសារលោកសង្កេតឃើញវិន័យរបស់កីឡាករក្រុមវិសាខា ហាក់ធ្លាក់ចុះក្នុងជំនួបនៅកីឡដ្ឋាន AEU Sports Park ខាងលើ ស្របពេលក្លឹបបង្កើតឡើងដោយផ្ដោតសំខាន់លើបញ្ហាវិន័យនេះឯង ។ យ៉ាងណាមិញលោកបានប្ដេជ្ញាចិត្ត នឹងខំប្រឹងកែតម្រូវបន្ថែម ដើម្បីជំរុញក្រុមចំណូលថ្មីមួយនេះ ឆ្ពោះទៅសម្រេចគោលដៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា លើកដំបូង ក្នុងឆ្នាំ២០១៨ ៕
អត្ថបទ៖ បុត្រា

មតិយោបល់