ប្រមុខបាល់ទាត់ថៃ៖ មិត្តភាពជាមួយចិន គឺដើម្បីសម្រួចគោលដៅការពារតំណែងជើងឯក AFF Suzuki Cup!

នូ មករា May 28, 2018


ថៃ៖ ប្រមុខសមាគមបាល់ទាត់ថៃ លោក Somyot Poompanmoung បានលើកឡើងនៅកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមកីឡាករជម្រើសជាតិថៃនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះថា ជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិចិននាដើមខែមិថុនាខាងមុខនេះគឺជាឱកាសដកស្រង់បទពិសោធន៍ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួត AFF Suzuki Cup 2018 នេះ ។

លោក Somyot បានលើកឡើងថា៖ «ក្រុមជម្រើសជាតិចិនជាក្រុមដ៏ខ្លាំងមួយនឹងហ៊ានចាយលុយធំក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដូច្នេះយើងត្រូវពិសោធន៍ឱ្យដឹងថា ក្រុមរបស់យើងអាចតទល់ជាមួយនឹងក្រុមខ្លាំងនេះបាន ជាពិសេសយើងអាចរៀនយល់ដឹងពីអ្វីដែលជាចំនុចខ្លាំងរបស់គេហើយយកមកអភិវឌ្ឍន៍ក្រុមរបស់យើងត្រៀមឆ្ពោះទៅកាន់ការប្រកួតពានលំដាប់ទ្វីបអាសុី ពិសេសគឺការពារតំណែងជើងឯកក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 តែម្តង!» ។

លោកបានបន្ថែមថា៖ «បាល់ទាត់សម័យថ្មីនេះ បានផ្តល់ឱ្យយើងនូវមេរៀនថ្មីៗដែលមានប្រយោជន៍សម្រាប់អនាគតរបស់កីឡាបាល់ទាត់ថៃ អាចនិយាយបានថា យើងត្រូវត្រៀមខ្លួនឱ្យបានល្អបំផុតដើម្បីរក្សាតំណែងជាក្រុមមានសក្តានុពលក្នុងតំបន់អាស៊ាន ដូច្នេះការប្រកួតកម្តៅសាច់ដុំមុនការប្រកួតផ្លូវការនានាគឺពិតជាសំខាន់! ហើយសូមឱ្យកីឡាករទាំងអស់ខិតខំធ្វើឱ្យបានល្អក្នុងជំនួបជាមួយក្រុមជម្រើសជាតិចិននាពេលខាងមុខ » ។

សូមបញ្ជាក់ថា ក្រុមដំរីសឹកថៃ នឹងបើកទ្វារកីឡដ្ឋាន Rajamangala National Stadium របស់ខ្លួននាវេលាម៉ោង ៦.៣០ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខដើម្បីទទួលក្រុមជម្រើសជាតិចិន ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំអន្តរជាតិដែលជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ផ្លូវការនាចុងឆ្នាំនេះ ៕

អត្ថបទ៖ មករា

មតិយោបល់