យុវជនឆ្នើមក្នុងពាន KRE-League ម្នាក់ រក្សាក្ដីស្រមៃចង់ក្លាយជាកីឡាករអាជីព ក្រោយធ្វើតេស្ដនៅណាហ្គាបរាជ័យ

នូ មករា May 28, 2018


ភ្នំពេញ៖ កីឡាករវ័យក្មេង វី យូសុះ ខ្សែបម្រើកំពុងបង្ហាញភាពលេចធ្លោរជាមួយក្រុម Khmer United ក្នុងការប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate League(KRE) រដូវកាលទី៧ បានបង្ហើបពីគម្រោងថ្មីលើវិថីបាល់ទាត់ ដោយរក្សានូវក្ដីស្រមៃចង់ក្លាយជាសមាជិកក្រុមអាជីពមួយ នៃលីគកំពូលកម្ពុជា ក្រោយធ្វើតេស្ដសមត្ថភាពបរាជ័យជាមួយក្រុមណាហ្គាវើល កាលពីប៉ុន្មានឆ្នាំមុន ។
យូសុះ បានរៀបរាប់ថា កាលពីប៉ុន្មានឆ្នាំមុន ខ្លួនបានធ្វើតេស្ដជាមួយក្លឹបណាហ្គាវើល ប៉ុន្ដែមិនទទួលបានជោគជ័យនោះទេ ដោយសារកាយសម្បទាមិនអំណោយផល យ៉ាងណាក៏ដោយខ្លួនមិនបោះបង់អាជីពខ្លួនស្រលាញ់នេះឡើយ ហើយគេកំពុងរៀបចំគម្រោងធ្វើតេស្ដសមត្ថភាពជាមួយក្លឹបផ្សេងមួយទៀត ដើម្បីស្វែងរកឱកាសចូលរួមប្រកួតប្រជែងជាមួយក្រុមខ្លាំងៗកម្រិតអាជីពនៃលីគកំពូលកម្ពុជាទៀតផង ។ ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះបន្ដថា៖ «ឥលូវខ្ញុំមានគម្រោងចង់តេស្ដសមត្ថភាពជាមួយក្លឹបមួយចំនួន នៃលីគកំពូលកម្ពុជា ប៉ុន្ដែមិនទាន់ច្បាស់ពីពេលវេលាទេ តែបើឱកាសមកដល់ខ្ញុំនឹងធ្វើតេស្ដសមត្ថភាពជាមួយក្លឹបអាជីពម្ដងទៀត ព្រោះខ្ញុំចង់ក្លាយជាកីឡាករអាជីពម្នាក់ដែរ…» ។ ប៉ុន្ដែជាបណ្ដោះអាស្នកីឡាករវ័យក្មេងរូបនេះ នៅមិនទាន់បង្ហើបពីឈ្មោះក្លឹប ដែលខ្លួនមានគម្រោងធ្វើតេស្ដជាមួយនោះទេ» ។
សូមបញ្ជាក់ថា យូសុះ ក្រោយធ្វើតេស្ដបរាជ័យជាមួយណាហ្គាវើល គេបានចូលរួមជាមួយក្រុមពាក់កណ្ដាលអាជីព Khmer United ជាច្រើនរដូវកាលមកហើយ ដោយគេបានបង្ហាញទម្រង់លេងដ៏ល្អក្នុងតំបន់បម្រើ និងរត់ចល័តស្ទើរពេញទីលាន ដើម្បីជួយមិត្តរួមក្រុម ។ ជាក់ស្ដែងកាលពីម្សិលមិញ យូសុះ បានដើរតួយ៉ាងសំខាន់ ពិសេសក្រោយមិត្តរួមក្រុមម្នាក់ ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម អំឡុងពេលក្រុម Khmer United យកឈ្នះក្រុមទន្សោងអែហ្វស៊ី ៤-១ នៅលើទីលានដំរីស ។ គួរបញ្ជាក់ដែរថា ចំពោះលទ្ធផលបណ្ដោះអាសន្ន នៃពាន KRE-League រដូវកាលទី៧ ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៦ កាលពីម្សិលមិញ ក្រុម Khmer United កំពុងឈរកំពូលតារាងមាន ១៨ពិន្ទុ នាំមុខគូប្រជែង រួមមានក្រុម Blue Dragon, ក្រុម Avatar, អាណាចក្រទួលគោក និងក្រុម Reil PP ដែលមាន ១៥ពិន្ទុស្មើៗគ្នា ស្របពេលក្រុមការពារតំណែងជើងឯក Bayon Wanderers ឈរលេខរៀងទី៦ មាន ១២ពិន្ទុប៉ុណ្ណោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់