លីគកំពូលកម្ពុជា៖ ប៉ូលិស លត់វិសាខា ៣-១ ឡើង Top-4 ជាថ្មី

នូ មករា May 28, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) បានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមចំណូលថ្មីវិសាខា ខកចិត្តជាខ្លាំង ក្នុងជំនួបសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា បន្ទាប់ពីប៉ូលិស បានយកឈ្នះ ៣-១ នៅកីឡដ្ឋាន AEU Sports Park កាលពីល្ងាចមិញ ដើម្បីឡើងទៅឈរក្នុងប្រអប់ ៤ក្រុមកំពូលតារាង-Top-4 ជាថ្មី ។

ក្នុងការប្រកួតដ៏ស្វិតស្វាញ មិនចាញ់ក្រសួងការពារជាតិ ប៉ះណាហ្គាវើលនេះ គឺកីឡាករ នួន បូរី បានស៊ុតបំប៉ោងសំណាញ់ទីក្រុមវិសាខា ១គ្រាប់មុន បន្ទាប់មកទើប សាន គឹមហេង ជួយវិសាខា តាមស្មើ ១-១ មុននឹងបញ្ចប់វគ្គទី១ ។ ប៉ុន្ដែចូលវគ្គទី២ កីឡាករ Nh Sangmin និងកីឡាករ ទិត្យ ឌីណា បានពួតដៃគ្នារកបាន ១គ្រាប់ម្នាក់បន្ថែមទៀត ដើម្បីបញ្ចប់ក្ដីសង្ឃឹមក្រុមវិសាខាតែម្ដង ទោះបីក្រុមជើងឯកលីគទី២ នេះព្យាយាមវាយបកយ៉ាងណាក៏ដោយ ។

លទ្ធផលនេះ ធ្វើឲ្យក្រុមប៉ូលិស រកបាន ១៣ពិន្ទុស្មើក្រុមវិសាខា ដើម្បីឈរលេខ៣ និងលេខ៤ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៧ប្រកួតឈ្នះ៤ ស្មើ១ និងចាញ់ ២ ដូចគ្នា ។ និយាយពីជំនួបគូឯកប្រចាំសប្ដាហ៍វិញ ក្រុមក្រសួងការពារជាតិ មិនអាចសងសឹកក្រុមណាហ្គវើលបានឡើយ ដោយបន្ដបរាជ័យក្នុងជើងទី១ លើកទឹកដីខ្លួនឯង ដូចកាលពីរដូវកាលឆ្នាំ២០១៧ ដែរ ដោយកាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមណាហ្គាវើល បានយកឈ្នះ ២-០ ដើម្បីបន្ដតំណែងកំពូលតារាងមាន ១៩ពិន្ទុ នាំមុខក្រុមការពារតំណែងជើងបឹងកេត ២ពិន្ទុ បន្ទាប់ពីក្រុមមានប្រភពពីខេត្តកំពង់ចាម ប្រកួតស្មើម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ១-១ ដែលធ្វើឲ្យ ៧ប្រកួតឈ្នះ៥ និងស្មើ២ មាន ១៧ពិន្ទុក្នុងដៃឈរលេខរៀងទី២ ។

ដោយឡែកជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមអាស៊ីអឺរ៉ុប ក៏បានធ្វើឲ្យកក្រើកកីឡដ្ឋាន RSN ផងដែរ កាលពីល្ងាចមិញ ដោយក្រុមទាំងពីរបានបញ្ចប់ការប្រកួតជាមួយនឹងលទ្ធផលស្មើគ្នា ១-១ ។ ជំនួបដ៏តានតឹងនេះ នៅវគ្គទី១ មិនមានការទាត់បញ្ចូលទីគ្នានោះទេ ប៉ុន្តែចូលវគ្គទី២ កីឡាកររបស់ក្រុមភ្ញៀវអាស៊ីអឺរ៉ុប បានទាត់បាល់បំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះមុន ១គ្រាប់ បន្ទាប់មកទើបកីឡាករ អ៊ិន សូដាវីត ព្យាយាមជួយក្រុមភ្នំពេញក្រោន វាយបកតាមស្មើ ១-១ វិញ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតតែម្ដង ៕ អត្ថបទ៖ បុត្រា

មតិយោបល់