អុិន សូដាវីត៖ ភ្នំពេញក្រោន នៅតែធ្វើបានល្អ ទោះបីស្មើអាស៊ីអឺរ៉ុប ១-១ ក៏ដោយ

នូ មករា May 28, 2018


ភ្នំពេញ៖ ដូចការមើលឃើញរបស់អ្នកគាំទ្រ ក្រុមអាស៊ីអឺរ៉ុប គឺជាក្រុមខ្លាំងមួយ សម្រាប់លីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ហើយពួកគេបានបញ្ជាក់កាន់តែច្បាស់ ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន កាលពីល្ងាចមិញ ដោយទប់ទល់ស្មើគ្នា ១-១ ក្រោយបញ្ចប់ការប្រកួត ៩០នាទីពេញ ។ ប៉ុន្ដែយ៉ាងណាកីឡាករ អ៊ិន សូដាវីត នៅតែមើលឃើញពីការធ្វើបានល្អរបស់ក្រុមភ្នំពេញក្រោនដដែល ។
ក្រោយបញ្ចប់ការប្រកួតដ៏តានតឹងនេះយុវជនវ័យក្មេង អ៊ិន សូដាវីត បានលើកឡើងថា ទោះមិនអាចជួយក្រុមយក ៣ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី៧ បានមែន តែមិត្តរួមក្រុមខ្លួននៅតែបន្ដធ្វើបានល្អ ។ ដាវីត បាននិយាយថា៖ «ពួកយើងធ្វើបានល្អ ព្រោះពីតង់ទី១ ការពាររបស់គេចង្អៀត តែយើងនៅតែព្យាយាមលេង ដល់ពេលចូលតង់ទី២ យើងរបូត ១គ្រាប់ ប៉ុន្ដែយើងមិនបោះបង់ទេ ដោយខំប្រឹងរហូតទទួលបាន ១គ្រាប់មកវិញ ។ និយាយរួមថ្ងៃនេះ ពួកយើងព្យាយាមអស់ពីកម្លាំងកាយចិត្តតែម្ដង» ។
បន្ថែមលើនេះ កីឡាកររកបានគ្រាប់បាល់វាយបកតាមស្មើអាស៊ីអឺរ៉ុប ១-១ រូបនេះ បានចាត់ទុកអាស៊ីអឺរ៉ុប គឺជាក្រុមខ្លាំងមួយ មិនចាញ់ភ្នំពេញក្រោនប៉ុន្មានទេ សម្រាប់រដូវកាលថ្មីនេះ តែអ្វីដែលធ្វើឲ្យយុវជនមានមុខជាញឹកញាប់ជាមួយក្រុមជម្រើសជាតិរូបនេះសប្បាយចិត្ត គឺការសាមគ្គីជាក្រុមបានល្អរបស់ក្រុមប្រជុំដោយកីឡាករក្មេងៗ ភ្នំពេញក្រោន ហើយគេរំពឹងថា ក្រុមទាំងមូល នឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីជួយក្រុមឆ្ពោះទៅប្រជែងពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា លទ្ធផលបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៧ ក្រុមភ្នំពេញក្រោន កំពុងឈរលេខរៀងទី៦ ដោយកាន់ ១១ពិន្ទុក្នុងដៃស្មើព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរលេខរៀងទី ៥ ដែរ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ៣ ស្មើ២ និងចាញ់២ ។ ប៉ុន្តែប្រៀបធៀបជាមួយក្រុមកំពូលតារាងណាហ្គាវើលជាបណ្ដោះអាសន្ន ក្រុមភ្នំពេញក្រោន ចាញ់ប្រៀបក្រុមលោក មាស ចាន់ណា ដល់ទៅ ៨ពិន្ទុឯណោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់