ភ្លេចប្រាប់! Page លីគម៉ាឡេស៊ី ធ្វើឲ្យអ្នកគាំទ្រកម្ពុជា ស្រឡាំងកាំងរឿង CV11 យប់មិញ

នូ មករា May 26, 2018


ភ្នំពេញ៖ ស្របពេលលីគកំពូលម៉ាឡេស៊ី ចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី១២ ចំនួន ១ប្រកួត ដែលជាការជួបគ្នារវាងក្រុម Pahang FA និងក្រុម Kuala Lumpur កាលពីយប់មិញ ទំព័រហ្វេសប៊ុកផេក(Page)ផ្លូវការ នៃលីគកម្រិតអាជីពមួយនេះ បានបង្កការភ្ញាក់ផ្អើកមួយ រហូតធ្វើឲ្យអ្នកគាំទ្រកម្ពុជាស្រឡាំងកាំង ជាមួយនឹងជ័យជម្នះរបស់ក្រុម Pahang FA ៤-០ លើក្រុម Kuala Lumpur ដោយមានបង្ហាញពីវត្តមានកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា-CV11 រកបាន ១គ្រាប់ផងដែរ ។

សូមបញ្ជាក់ថា កាលពីយប់មិញ ក្រោយបញ្ចប់ការប្រកួត Pahang FA យកឈ្នះក្រុម Kuala Lumpur ៤-០ Page ឈ្មោះ Football Malaysia LLP ដែលត្រូវបានអះអាង Page លីគផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានសរសេរពីឈ្មោះកីឡាកររកបានគ្រាប់បាល់ជ័យជម្នះឲ្យ Pahang បង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈគ្រាប់បាល់ទី៣ គឺធ្វើសម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៥៣ ទាំងដែលក្លឹប បានផ្ដាច់កុងត្រាកីឡាករជម្រើសជាតិកម្ពុជារូបនេះជាយូរមកហើយ ។

ក្រោយបង្ហោះបានប្រមាណ ៨នាទី មានអ្នកគាំទ្រកម្ពុជាមួយចំនួន បានចូលទៅ Comment សម្ដែងការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ព្រោះពួកគេបានដឹងច្បាស់ថា ចាន់ វឌ្ឍនាកា កំពុងមានវត្តមានក្នុងពិធីបើកកីឡាជាតិ លើកទី២ ដោយរត់អមម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៧ ឃុន ឌីម៉ា ក្រោយទទួលការព្រះរាជទានភ្លើងគប់ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកកម្ពុជា ដើម្បីដង្ហែរភ្លើងគប់នោះ មកប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាជាតិផ្លូវការកាលពីយប់មិញ ។

ប៉ុន្ដែក្រោយមានប្រតិកម្មពីអ្នកគាំទ្រកម្ពុជារយៈពេលប្រមាណ ៥នាទីក្រោយមក Facebook Page ខាងលើ ក៏បានលុបការបង្ហោះរបស់ខ្លួន ហើយបង្ហោះលទ្ធផលថ្មី ខណៈអ្នកទាត់គ្រាប់បាល់ជ័យជម្នះទី៣ ឲ្យក្រុម Pahang FA មិនមែន ចាន់ វឌ្ឍនាកា នោះទេ ប៉ុន្តែជាកីឡាករ Issey Nakajima ហើយជ័យជម្នះនោះ ក៏បានជួយក្រុម Pahang ឲ្យឡើងឈរលេខរៀងទី២ បណ្ដោះអាសន្នដោយមាន ២១ពិន្ទុក្នុងដៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់