គូឯកថ្ងៃនេះ ទ័ព ប៉ះណាហ្គាវើល នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៧

នូ មករា May 26, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី៧ នៅថ្ងៃទី២៦ ខែឧសភានេះហើយ ដោយមាន ៣ប្រកួតធ្វើឡើងលើទីលាចំនួន ២ ប៉ុន្ដែចំពោះគូឯកប្រចាំថ្ងៃនេះ គឺក្រុមក្រសួងការពារជាតិ(ទ័ព) ត្រូវបើកទ្វារផ្ទះ ទទួលក្រុមកំពូលតារាងណាហ្គាវើល នៅលើទីលានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) នាវេលាម៉ោង ៦ល្ងាចនេះ ។ នេះគឺជាការប្រកួតមួយដ៏ទាក់ទាញ សម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ហើយក៏ជាជំនួបសងសឹកពីសំណាក់ក្រុមម្ចាស់ផ្ទះផងដែរ ដោយសារកាលពីរដូវកាលមុន ជួបគ្នាជើងទី១ លើទីលានស្ដាតចាស់ដូចគ្នា ក្រុមណាហ្គាវើល បានលត់ក្រសួងការពារជាតិ ៣-០ ឯណោះ មុនប្រកួតស្មើគ្នា ១-១ នៅជើងទី២ ។ ដូច្នេះចាំមើលឆ្នាំនេះ តើក្រសួងការពារជាតិ ឬណាហ្គាវើល នឹងទទួលបាន ៣ពិន្ទុពីការប្រកួតជើងទី១ នេះ?

ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏ជក់ចិត្តនេះ ក៏មានការជួបគ្នារវាងក្រុមសូលទីឡូអង្គរ ប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅលើទីលានស្ដាតចាស់នេះផងដែរ ដោយចាប់ផ្ដើមនាវេលាម៉ោង ៣រសៀល គ្រាដែលនៅកីឡដ្ឋាន EDC ជិតគ្នានោះ គឺក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ត្រូវជួបក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី នាវេលាម៉ោង ៣រសៀលដូចគ្នាថ្ងៃនេះ ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមណាហ្គាវើលកំពុងឈរកំពូលតារាងបណ្ដោះអាស្ន ក្រោយឆ្លងកាត់ការប្រកួត ៦សប្ដាហ៍ឈ្នះ៥ ស្មើ១ មិនទាន់ស្គាល់ចាញ់មាន ១៦ពិន្ទុស្មើក្រុមបឹងកេតដែរ ។ ចំណែកក្រុមក្រសួងការពារជាតិ កំពុងឈរលេខរៀងទី៦ ដោយចាប់ផ្ដើមការប្រកួតដើមរដូវកាលនេះ មិនសូវសមប្រកបឡើយ ពោលគឺ ៦ប្រកួតឈ្នះ៣ និងចាញ់ ៣ ទើបរកបាន ៩ពិន្ទុប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់