គ្រូបង្វឹកកម្ពុជា ៣រូបយល់ឃើញបែបណាជុំវិញជំនួប Real Madrid និង Liverpool នៅវគ្គផ្តាច់ព្រ័ត្រ UEFA ?

នូ មករា May 25, 2018


ភ្នំពេញ៖ គ្រូបង្វឹកក៏ដូចជាកីឡាករបាល់ទាត់អាជីពនៅកម្ពុជាមួយចំនួនបានបញ្ចេញទស្សនៈរៀងៗខ្លួនជុំវិញការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប ឬ UEFA Champion League 2018 ដែលជាជំនួបរវាងក្រុម Real Madrid និងក្រុម Liverpool ខណៈដែលមហាជនទូទាំងពិភពលោកក៏កំពុងតែទន្ទឹងរង់ចាំទស្សនាការប្រកួតដ៏កក្រើកនេះ ។

សម្រាប់គ្រូធំក្រុមគោព្រៃកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា លោកមានជំនឿចិត្តទៅលើក្រុមហង្សក្រហម Liverpool ដោយសារតែក្រុមនេះមានកីឡាករដែលមានវ័យក្មេងប្រកបដោយឆន្ទៈខ្ពស់និងកំពុងតែពុះកញ្ជ្រោលព្រមទាំងមានការរៀបចំក្រុមបានល្អទៀតផង ។ លោកបានបន្ថែមថា៖ «Liverpool កំពុងតែពុះកញ្ជ្រោល និងឡើងជើងខ្លាំងមែនទែន ដូចកាលប្រកួតជាមួយ Roma ចឹងគឺដូចជាក្រុមមនុស្សធំលេងជាមួយកូនក្មេង ហើយទោះបីជា Real មានបទពិសោធន៍ជោគជាំ ប៉ុន្តែសម្រាប់ខ្ញុំភាគរយច្រើនគឺបានទៅលើ Liverpool!»

យ៉ាងណាក៏ដោយ សម្រាប់គ្រូបង្វឹកក្រុមលីគកំពូលកម្ពុជា ២ទៀតបានយល់ឃើញផ្សេងពីនេះ ចំពោះលោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើលបានថ្លែងថា Real Madrid មានឱកាសឈ្នះច្រើនជាង ។ គ្រូបង្វឹកក្រុមកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជានេះបានអះអាងថា៖ «Real Madrid មានការវាយបកលឿន និងមានចំនុចខ្លាំងជាច្រើនដែលសុទ្ធតែជាសក្តានុពលក្នុងការលើកពាន!» ។ ជាមួយគ្នានេះដែរ លោក ហុក សុជីវ័ន្ត គ្រូបង្គោលក្រុមវិសាខា ក៏មានភាពជឿជាក់លើក្រុម Real Madrid ដែរ ដោយលោកបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំគឺ Real Madrid ព្រោះជាក្រុមមានបទពិសោធន៍ច្រើននៅក្នុងព្រឹត្តិការណ៍នេះ ជាពិសេសក្នុងវគ្គផ្តាច់ព្រ័ត្រគេតែងតែធ្វើបានល្អ និងមានកីឡាករល្អៗជាច្រើនពោរពេញដោយសមត្ថភាព ដូច្នេះ Real មានឱកាសឈ្នះច្រើនជាង!» ។

សូមបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅវេលាម៉ោង ១.៤៥នាទីព្រឹកថ្ងៃអាទិត្យ ទី២៧ ខែឧសភា ខាងមុខនេះ (ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងគ្នាគ្រងតំណែងជើងឯកក្នុងការប្រកួតបាល់ទាត់ដ៏ធំជាងគេនៅទ្វីបអឺរ៉ុប ។ សម្រាប់ប្រវត្តិរបស់ក្រុមទាំងពីរវិញគឺ Real Madrid ធ្លាប់បានលើកពាន ១២ដង ខណៈដែល Liverpool ឈ្នះបាន ៥ដង និងខកខានលើកពានជើងឯកតាំងតែពីឆ្នាំ២០០៦ មកម្ល៉េះ ៕

អត្ថបទ៖ បុត្រា និង មករា

 

មតិយោបល់