Luis Vitorino ជឿជាក់ថា អ៊ន ចាន់ប៉ូលីន នឹងក្លាយជាខ្សែបម្រើកណ្តាលដ៏លេចធ្លោនៅកម្ពុជានាពេលអនាគត!

នូ មករា May 24, 2018


ភ្នំពេញ៖ អតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា លោក Luis Fernando Vitorino បានលើកឡើងប្រកបដោយសុទិដ្ឋិនិយមថា ខ្សែបម្រើកណ្តាលរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន នឹងក្លាយជាកីឡាករដ៏លេចធ្លោមួយរូបនៅកម្ពុជានាពេលអនាគត ។ លោកបានបន្ថែមថា កីឡាកររូបនេះមានបច្ចេកទេសក៏ដូចជាឆន្ទៈខ្ពស់នៅលើទីលាន ហើយជារឿយៗទម្រង់លេងរបស់គេបានជួយក្រុមឱ្យមានភាពរឹងមាំ ជាពិសេសគេគឺជាកីឡាករដែលមានការទទួលខុសត្រូវ និងមានភាពបុិនប្រសប់ខ្ពស់ចំពោះតួនាទីរបស់ខ្លួន ។

លោក Luis បានលើកឡើងថា៖ «រាល់ពេលដែលប៉ូលីនចូលលេងយើងឃើញថា ទម្រង់លេងរបស់ក្រុមមានភាពរឹងមាំ ព្រោះគេយល់ពីតួនាទីរបស់ខ្លួនបានល្អ និងចេះផ្ទេរបាល់ឱ្យមិត្តរួមក្រុមប្រកបដោយប្រសិទ្ធភាព ។ ខ្ញុំយល់ថា គេនៅក្មេងដូច្នេះមានឱកាសដើម្បីក្លាយជាកីឡាករល្អនៅពេលខាងមុខ ជាពិសេសឱ្យតែរូបគេខិតខំហ្វឹកហាត់ និងរក្សាឆន្ទៈឱ្យមុតមាំនោះគេនឹងក្លាយជាខ្សែបម្រើដ៏ល្អ និងលេចធ្លោមួយរូបនៅកម្ពុជា!» ។ យ៉ាងណាក៏ដោយ សម្រាប់គ្រូបង្វឹករូបនេះ ក្នុងនាមជាកីឡាករអាជីពគេមិនត្រូវមានភាពអំនួត ខ្ជិលច្រអូស ឬធ្វេសប្រហែសក្នុុងការយកចិត្តទុកដាក់លើកាយសម្បទា និងធ្លាក់ទឹកចិត្តនោះឡើយ ព្រោះវាអាចបណ្តាលឱ្យជះឥទ្ធិពលមិនល្អដល់ទម្រង់លេងរបស់ខ្លួនបាន ។

សូមបញ្ជាក់ថា អ៊ន ចាន់ប៉ូលីន គឺជាកីឡាករវ័យក្មេងដែលមានប្រភពមកពីក្រុមថ្នាលយុវជនភ្នំពេញក្រោន ហើយបានវិវត្តន៍ខ្លួនក្លាយជាសមាជិកក្រុមឈុតធំ ព្រមទាំងបានចូលលេងក្នុងក្រុមជម្រើសជាតិកម្ពុជាជាច្រើនលើកផងដែរ ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះរូបគេទើបតែត្រូវបាន លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាជ្រើសរើសចូលក្នុងក្រុម U23 កម្ពុជាដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ពានព្រះមហាក្សត្រប្រ៊ុយណេថែមទៀតផង ៕

អត្ថបទ៖ មករា

 

 

 

មតិយោបល់