ថ្នាក់ដឹកនាំវិសាខា គ្មានក្ដីបារម្ភ ខណៈត្រូវជួបក្រុមជើងឯករង ២ជំនាន់ស្អែកនេះ

នូ មករា May 18, 2018


ភ្នំពេញ៖ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា ហាក់មានភាពជឿជាក់ខ្លាំងលើកូនក្រុមរបស់ខ្លួន ដោយគ្មានការព្រួយបារម្ភអ្វីឡើយ ទោះបីត្រូវប្រឈមមុខជាមួយក្រុមជើងឯករង ២ជំនាន់ក្រសួងការពារជាតិ នៅក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ លើសមរភូមិវាលស្មៅសិប្បនិម្មិត នៃកីឡដ្ឋានវេស្ទើន នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ក៏ដោយ ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានលើកឡើងថា ការប្រកួតស្អែកនេះ គឹជាជំនួបដ៏អស្ចារ្យ ដែលក្លឹបទាំងពីរ និងអ្នកគាំទ្រ ទន្ទឹងរង់ចាំការប្រកួតមកដល់ ។ យ៉ាងណាមិញក្រុមលោកបានត្រៀមខ្លួនរួចរាល់ ១០០% ហើយ សម្រាប់ត្រៀមការប្រកួតដ៏សំខាន់នេះ ហើយលោកក៏គ្មានក្ដីបារម្ភអ្វីដែរ ទោះបីកីឡាករសំខាន់ៗរបស់ខ្លួន ធ្លាប់លេងឲ្យក្រុមគូប្រជែងសប្ដាហ៍នេះក៏ដោយ ពិសេសកីឡាករកូរ៉េខាងជើង ៤រូប រួមមានខ្សែប្រយុទ្ធ Cheo Myong-ho, Ri Hyok Chol, Kim Kyong-hun និងកីឡាករ Jang Song-hyok ជាដើម ។
បងប្រុសបង្កើតលោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុមវិសាខាដដែលបន្ដថា៖ «ថ្វីត្បិតកីឡាករកូរ៉េខាងជើង ៤រូប ពួកគេធ្លាប់លេងឲ្យក្លឹបចាស់(ក្រសួងការពារជាតិ)ក៏ពិតមែន ប៉ុន្ដែបច្ចេកទេសលេងរបស់កីឡាករម្នាក់ៗ មិនដូចគ្នានោះទេ ហើយការផ្លាស់ប្ដូរទម្រង់លេងរបស់ពួកគេ គឺអាស្រ័យលើគ្រូបង្វឹក ។ ដូច្នេះពួកយើងមិនមានការព្រួយបារម្ភនោះទេ ព្រោះពួកគាត់នឹងមានការផ្លាស់ប្ដូរទម្រង់ កាលពីពួកគាត់នៅក្លឹបចាស់ ហើយយើងសង្ឃឹមថា ពួកគាត់នឹងធ្វើបានកាន់តែល្អ ដើម្បីជួយក្រុមថ្មីស្វែងរកជ័យជម្នះក្នុងការប្រកួតដ៏សំខាន់នេះ» ។
គួរបញ្ជាក់ថា ចំពោះលទ្ធផលការប្រកួតជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ចំនួន ៥សប្ដាហ៍កន្លងមក ក្រុមវិសាខា កំពុងមានពិន្ទុនាំមុខក្រសួងការពារជាតិ ១ពិន្ទុ ពោលគឺវិសាខាឈរលេខរៀងទី៣ មាន ១០ពិន្ទុ គ្រាដែលក្រសួងការពារជាតិឈរលេខរៀងទី៥ មាន ៩ពិន្ទុក្នុងដៃ ។ ដោយឡែកក្រុមកំពុងឈរកំពូលតារាង គឺក្រុមណាហ្គាវើល និងក្រុមការពារតំណែងជើងឯកបឹងកេត ដែលកំពុងកាន់ ១៣ពិន្ទុក្នុងដៃស្មើគ្នា ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់