លីគកំពូលកម្ពុជា៖ EDC តាំងចិត្តយក ៣ពិន្ទុពីវេស្ទើនទាំងក្ដីបារម្ភ!

នូ មករា May 18, 2018


 ភ្នំពេញ៖ ក្រៅពីក្រុមខ្លាំងៗ ត្រូវប្រឈមមុខដាក់គ្នាលើសមរភូមិវាលស្មៅ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ នាចុងសប្ដាហ៍នេះ ក្រុមមិនទាន់ស្គាល់ឈ្នះ និងស្មើ ២ក្រុម គឺក្រុមអគ្គិសនីកម្ពុជា-EDC និងក្រុមវេស្ទើន ក៏ត្រូវប្រឈរមុខដាក់គ្នាផងដែរ ស្របពេលគ្រូបង្វឹកក្រុម EDC លោក ប្រាក់ វុទ្ធី បានប្ដេជ្ញាចិត្តនឹងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីប្រជែង ៣ពិន្ទុពីការប្រកួតកម្រិតប្រហាក់ប្រហែលគ្នានេះ ។ លោក ប្រាក់ វុទ្ធី បានលើកឡើងបែបនេះ ស្របពេលក្រុមលោកត្រូវការ ៣ពិន្ទុ ដើម្បីរួចផុតពីបាតតារាង ប៉ុន្ដែបើសិនក្រុមលោកមិនអាចយកឈ្នះក្រុមវេស្ទើនបានទេ លោកចាត់ទុកគឺជាហានិភ័យដ៏ធំមួយ ដែលត្រូវប្រឈមធ្លាក់ទៅលេងលីគលំដាប់ទី២ នាឆ្នាំក្រោយឡើងវិញ ។ បន្ថែមលើការតាំងចិត្តនេះដែរ អតីតគ្រូបង្វឹកក្រុមបឹងកេតដដែល ក៏បានបង្ហើបពីក្ដីបារម្ភខ្លះៗដែរ ដោយសារកូនក្រុមសំខាន់ៗ ២រូបញាំញីដោយរបួស គឺកីឡាករ ផាន់នី អ៊ីរដ្ឋា រងរបួសរយៈពេលវែងមិនអាចលេងបាន ខណៈកីឡាករ ម៉ាត់ ណូរុន រងរបួសពេលជួយក្រុម U21កម្ពុជា នៅពានស្ដេចប្រ៊ុយណេ តែលោកត្រូវបង្ខំចិត្តដាក់ឲ្យលេង ព្រោះគ្មានជម្រើស ។ សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ ក្រុមអគ្គិសនីកម្ពុជា និងក្រុមវេស្ទើនភ្នំពេញ កំពុងឈរលេខរៀងទី១១ និងទី១២ ជាមួយនឹងលទ្ធផល ៥ប្រកួតមិនទាន់ស្គាល់ឈ្នះ ឬស្មើនៅឡើយ ។ ដោយហេតុនេះ ក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះ ដើម្បីទទួលបាន ៣ពិន្ទុដំបូង និងការពារកៅអីលីគកំពូលកម្ពុជា នាឆ្នាំបន្ទាប់ ទោះបីស្ទើគ្មានឱកាសក្នុងការប្រជែងចំណាត់ថ្នាក់ល្អ ក្នុងរដូវកាល ឆ្នាំ២០១៨នេះក៏ដោយ ៕
អត្ថបទ៖ បុត្រា

 
 
 
Chat Con

មតិយោបល់