អតីតគ្រូទ័ព ប្រាប់ពីចំណុចគ្រោះថ្នាក់កីឡាករកូរ៉េខាងជើង ស្របពេលទ័ព ប៉ះវិសាខាចុងសប្ដាហ៍នេះ

នូ មករា May 17, 2018


ភ្នំពេញ៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ(ទ័ព) និងធ្លាប់ជាគ្រូបង្វឹកជួយក្រុម ឈ្នះជើងឯករងលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា កាលពីឆ្នាំ២០១៦-២០១៧ បានបង្ហើបពីចំណុចខ្លាំងមួយចំនួនរបស់កីឡាករកូរ៉េខាងជើង ៤នាក់ ដែលកំពុងលេងឲ្យក្លឹបវិសាខា និងជាអតីតកូនក្រុមរបស់ខ្លួន ស្របពេលក្រុមខ្លាំងទាំងពីរ ត្រូវជួបគ្នានារសៀលថ្ងៃទី១៩ ខែឧសភាចុងសប្ដាហ៍នេះ នៅក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នៅកីឡដ្ឋានវេស្ទើនភ្នំពេញ ។
អ្នកចាត់ការក្រុមរូបនេះ បានលើកឡើងថា ការជួបគ្នារវាងក្រុមក្រសួងការពារជាតិ និងក្រុមវិសាខាចុងសប្ដាហ៍នេះ គឺជាជំនួបដ៏ធំ ដែលការប្រជែង ៣ពិន្ទុអាចនឹងជួបការលំបាករៀងៗខ្លួន ទោះបីក្រុមក្រសួងការពារជាតិ គឺជាក្រុមចាស់វស្សាក៏ដោយ ។ លោកបន្ដថា ថ្វីត្បិតវិសាខា គឺជាក្រុមថ្មី ប៉ុន្ដែថ្មីតែឈ្មោះប៉ុណ្ណោះ ខណៈកីឡាករពោពេញដោយបទពិសោធន៍ ជាក់ស្ដែងកីឡាករកូរ៉េខាងជើង ៤រូប ដែលធ្លាប់លេងឲ្យក្រសួងការពារជាតិ គឺជាកីឡាករដ៏គ្រោះថ្នាក់បំផុត នៅក្នុងជំនួបដ៏សំខាន់នេះ ព្រោះពួកគេសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ។
អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យរូបនេះបានបន្ថែមថា៖ «ចំពោះចំណុចខ្សោយរបស់កីឡាករកូរ៉េខាងជើងទាំង ៤រូប ដែលធ្លាប់លេងឲ្យក្រសួងការពារជាតិ ខ្ញុំសុំលាក់សិន ប៉ុន្ដែបើនិយាយពីចំណុចខ្លាំង ពួកគាត់មានវិន័យខ្ពស់មែនទែន បើធៀបនឹងកីឡាករកូរ៉េខាងត្បូង ក៏ដូចជាកីឡាករជប៉ុន ដែលជំរុញឲ្យការលេងរបស់ពួកគាត់ពោរពេញដោយឆន្ទៈ ហើយក៏ជាក្ដីបារម្ភសម្រាប់យើងផងដែរ ។ តែទន្ទឹមនឹងការមានចំណុចខ្លាំងខាងលើ ពួកគាត់ក៏មានចំណុចខ្សោយខ្លះដែរ ដូច្នេះយើងបានត្រៀមយុទ្ធសាស្ដ្រជាស្រេច សម្រាប់ត្រៀមការប្រកួតដ៏សំខាន់នេះ ដើម្បីប្រជែង ៣ពិន្ទុមកពង្រឹងចំណាត់ថ្នាក់ល្អរបស់យើង» ។
 
សូមបញ្ជាក់ថា ការជួបគ្នារវាងក្រុមក្រសួងការពារជាតិ ជាមួយក្រុមវិសាខា ដែលមានអតីតកីឡាករសំខាន់ៗ ធ្លាប់ជួយខ្លួនឈ្នះជើងឯករង ២ជំនាន់ រួមមានកីឡាករខ្សែប្រយុទ្ធ Cheo Myong-ho, Ri Hyok Chol, Kim Kyong-hun និងខ្សែការពារ Jang Song-hyok ពេលនេះ ត្រូវបានអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏ទន្ទឹងរង់ចាំទស្សនាការប្រកួតដែលត្រូវបានចាត់ទុកជាគូឯកប្រចាំថ្ងៃសោរ៍ខាងមុខនេះផងដែរ ស្របពេលមានមតិអ្នកគាំទ្រខ្លះ បានលើកឡើងថា វិសាខាកាន់តែខ្លាំង ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនេះ ក៏ដោយសារមានកម្លាំងដ៏សំខាន់ពីកីឡាករកូរ៉េខាងជើងទាំងនេះដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់