ខ្សែប្រយុទ្ធជនជាតិជប៉ុនរបស់ណាហ្គាវើលដ៍អាចនឹងអវត្តមានរហូតដល់ចប់រដូវកាល!

នូ មករា May 17, 2018


ភ្នំពេញ៖ យោងតាមប្រភពពីក្លឹបបាល់ទាត់ណាហ្គាវើលដ៍បានឱ្យដឹងថា សមាជិកថ្មីដែលជាខ្សែប្រយុទ្ធឆ្នើមជនជាតិជប៉ុនគឺកីឡាករ Tatsuro Inui អាចនឹងអវត្តមានពីទីលានប្រកួតរហូតដល់ចប់រដូវកាលលីគកំពូលកម្ពុជា២០១៨តែម្តង ដោយសារតែរូបគេកំពុងញាុំញីដោយរបួសជង្គង់ដែលទទួលរងក្នុងពេលហ្វឹកហាត់នោះ ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះបានផ្តើមមកប្រកបអាជីពនៅក្នុងលីគសិង្ហបុរីតាមរយៈក្លឹប Albirex Singapore កាលពីឆ្នាំ២០១០ ក្រោយមកបានឈ្នះពានរង្វាន់ជាកីឡាករវ័យក្មេងនៃលីគសិង្ហបុរីប្រចាំឆ្នាំ២០១១ (S League Young Player of Year ) ព្រមទាំងបានជួយឱ្យក្លឹបនេះបានឈ្នះពានលីគកំពូលនាឆ្នាំ២០១៦ ថែមទៀតផង ។ នៅលើទឹកដីនៃមហាអំណាចសេដ្ឋកិច្ចអាស៊ានមួយនេះ ​រូបគេក៏ធ្លាប់បានចូលរួមជាមួយក្លឹប Warriors FC និងក្លឹប Geylang International ផងដែរ​ ។

ដោយឡែកកាលពីរដូវកាល២០១៧កន្លងមក កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចំណាយពេលខ្លីជាមួយក្លឹប Thai Honda (នៅលីគកំពូលថៃ ប៉ុន្តែធ្លាក់មកលេងនៅលីគទី២ វិញក្នុងឆ្នាំនេះ) មុននឹងផ្ទេរទៅលេងនៅក្លឹប Blaubitz Akita នឹងបានជួយឱ្យក្លឹបនេះបានលើកពានលីគទី៣ របស់ជប៉ុនថែមទៀត ។ សម្រាប់ការប្រកបអាជីពនៅក្នុងប្រទេសកម្ពុជាវិញ ទោះបីជារូបគេមានបទពិសោធន៍មិនច្រើននៅក្នុងពិភពបាល់ទាត់កម្ពុជាក៏ពិតមែន ប៉ុន្តែកីឡាករពាក់ស្លាកលេខ១៤ រូបនេះបានបង្ហាញទម្រង់លេងដ៏ល្អជាពិសេសក្នុងជំនួបជាមួយក្រុមភ្នំពេញក្រោនកាលពីថ្ងៃទី៧ ខែមេសា កន្លងមកដោយបានផ្តួលក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១-០ ថែមទៀតផង ៕

អត្ថបទ៖ មករា

 

មតិយោបល់