គ្រូវិសាខា បង្ហាញចេតនាស្វាគមន៍កីឡាករទាំង ៣រូបដែលទើបបញ្ចប់កិច្ចសន្យាជាមួយក្លឹបម៉ាឡេសុី

នូ មករា May 17, 2018


ភ្នំពេញ៖ លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា ដែលជាក្រុមថ្មីថ្មោងនៃលីគកំពូលកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករណាម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធទាំង ៣ រូបដែលទើបតែបញ្ចប់កិច្ចសន្យាជាមួយបណ្តាក្លឹបបាល់ទាត់នៅលីគកំពូលម៉ាឡេសុីកាលពីពេលថ្មីៗនេះ ។

ថ្លែងក្រោយជំនួបមិត្តភាពជាមួយក្រុមភ្នំពេញក្រោនកាលពីថ្ងៃសៅរ៍កន្លងមក គ្រូបង្វឹកដែលមានអតីតជាកីឡាករជម្រើសជាតិកម្ពុជារូបនេះបានថ្លែងថា៖ «និយាយឱ្យត្រង់ បើសិនជាពួកគាត់មានចំណាប់អារម្មណ៍ គឺពួកយើងចង់បានពួកគាត់ ក្នងលក្ខខណ្ឌដែលសមស្របណាមួយដែលពួកយើងអាចទទួលយកបាន គឺយើងយក!» ។

សូមបញ្ជាក់ថា ការលើកឡើងនេះបានធ្វើឡើងខណៈដែលអ្នកគាំទ្រមួយចំនួនបានអះអាងថា វិសាខាគឺជាទ្រនំដ៏ល្អមួយសម្រាប់កីឡាករទាំង ៣ ស្របពេលដែលលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបានសំណូមពរឱ្យកីឡាករសំខាន់ៗទាំង ៣រូបគឺ ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម ចាំបាច់ត្រូវស្វែងរកក្លឹបលេងឲ្យបានលឿន តាមតែអាចធ្វើទៅបាន ដើម្បីរក្សាភាពខ្លាំងរបស់ខ្លួនត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា ខណៈកន្លងមកលោកបានភ្ញាក់ផ្អើល ចំពោះទម្រង់លេងរបស់ពួកគេ ដែលអាចធ្វើបានយ៉ាងល្អ តាំងពីលើរហូតដល់ក្រោមនោះ ៕

អត្ថបទ៖ មករា និង បុត្រា

 

មតិយោបល់