ពាន Hun Sen Cup ចាប់គូប្រកួតពានរង្វាន់ថ្នាក់ជាតិព្រឹកនេះ

នូ មករា May 17, 2018


ភ្នំពេញ៖ ក្រោយរកឃើញបេក្ខភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ថ្នាក់ខេត្ត នៃព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC ) នឹងរៀបចំកម្មវិធីចាប់គូវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីបន្ដការប្រកួតពានរង្វាន់ថ្នាក់ជាតិ ក្នុងនោះក៏មានក្រុមជម្រើសខេត្តចំនួន ២ក្រុមផងដែរ ។
ដូចការគ្រោងទុក ក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានថ្នាក់ខេត្ត នឹងមានឱកាសចូលរួមប្រកួតពានរង្វាន់ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គឺក្រុមជម្រើសខេត្តកោះកុង, ខេត្តកំពត, ក្រុម U18 បាទី និងក្រុមគិរីវង់ ។ ចំណែកក្រុមកំពុងរង់ចាំស្រាប់ រួមមានក្រុមភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ក្រសួងការពារជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ណាហ្គាវើល, វិសាខា, វេស្ទើនភ្នំពេញ, សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា, ក្រុមអង្គរថាយហ្គឺរ និងក្រុមអាស៊ីអឺរ៉ុប ។
 
ចំពោះរូបមន្ដប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ថ្នាក់ជាតិ នឹងប្រើប្រព័ន្ធប្រកួតក្នុងដី និងក្រៅដ៏(Home/Away) ចំនួន ២ជើង ។ សម្រាប់ការប្រកួតជើងទី១ ក្រោយចប់កម្មវិធីចាប់គូថ្ងៃនេះ ការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដាខាងមុខ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅសប្ដាហ៍បន្ទាប់ ។ តែមុនឈានដល់ការប្រកួតពានរង្វាន់ថ្នាក់ជាតិ គឺរង់ចាំការប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមជើងឯកពានរង្វាន់ថ្នាក់ខេត្តសិន ដោយក្រុម U18បាទី ត្រូវជួបក្រុមគិរីវង់ នាថ្ងៃទី២៣ ខែឧសភាខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕
អត្ថបទ៖ បុត្រា

មតិយោបល់