លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈភ្នំពេញក្រោន ជួបប៉ូលិស

នូ មករា May 17, 2018


ភ្នំពេញ៖ ក្រោយសម្រាកអស់រយៈពេល ៣សប្ដាហ៍ ដើម្បីផ្ដល់ឱកាសឲ្យក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា ចូលរួមប្រកួតពានរង្វាន់ស្ដេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 និងអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី កាលពីពេលថ្មីៗ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី១ នាចុងសប្ដាហ៍នេះហើយ ដែលត្រូវនឹងសប្ដាហ៍ទី៦ ។
ជាមួយនឹងការវិលមកកាន់សមរភូមិប្រយុទ្ធលើវាលស្មៅនេះដែរ ក្រុមភ្នំពេញក្រោន ដែលត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នៅថ្ងៃសៅរ៍ ត្រូវបានលើកទៅប្រកួតនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃអាទិត្យ ទី២០ ខែឧសភានេះវិញ ដែលធ្វើឲ្យកម្មវិធីប្រកួតថ្ងៃអាទិត្យមានដល់ទៅ ៤គូ គ្រាដែលការប្រកួតថ្ងៃសៅរ៍សល់ត្រឹម ២គូប៉ុណ្ណោះ គឺក្រុមអាស៊ីអឺរ៉ុប បើកទ្វារកីឡដ្ឋាន AEU Sports Park ជួបក្រុមអង្គរថាយហ្គឺរ និងក្រុមវិសាខា ជួបក្រុមក្រសួងការពារជាតិ នៅកីឡដ្ឋានវេស្ទើន ។
 
ដោយឡែក ចំពោះលទ្ធផលបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ដែលបានបញ្ចប់ការប្រកួតរយៈពេល ៥សប្ដាហ៍កន្លងទៅ គឺក្រុមណាហ្គាវើល និងក្រុមការពារតំណែងជើងឯកបឹងកេត ដែលមាន ១៣ពិន្ទុក្នុងដៃស្មើគ្នា ខណៈក្រុមវិសាខា និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិមាន ១០ពិន្ទុស្មើគ្នា ឈរលេខរៀងទី២ និងទី៣ ។ ចំណែកក្រុមឈរបាត់តារាង គឺក្រុមអគ្គិសនីកម្ពុជា និងក្រុមវេស្ទើនភ្នំពេញ ដែលឆ្លងកាត់ ៥ប្រកួត មិនទាន់ស្គាល់ពាក្យឈ្នះ ឬស្មើ គ្មានពិន្ទុរាប់ឡើយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់