លោក ប៉ែន ផាត រំឭករឿងជូចត់ក្រោយឃើញអត្ថបទ “សៀមទាត់បាល់ចាញ់ខ្មែរ ៣-០ រួចសៀមដាល់ខ្មែរតែម្ដង!!”

នូ មករា May 17, 2018


ភ្នំពេញ៖ អតីតកីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា កាលពីទសវត្សរ៍ ៦០ និងទសវត្សរ៍ ៧០ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត បានសើរើប្រវត្តិដ៏ជូរចត់មួយអំឡុងពេលលោកជួយក្រុមជម្រើសជាតិកម្ពុជាបំបាក់ក្រុមថៃ ៣-០ កាលពីឆ្នាំ២៩៧២ ស្របពេលលោកបានឃើញឯកសារព័ត៌មានជាភាសាខ្មែរមួយ ដែលទើបបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗ ដោយដាក់ចំណងជើងថា៖ “សៀមទាត់បាល់ចាញ់ខ្មែរ ៣-០ រួចសៀមដាល់ខ្មែរតែម្ដង!!” ។
ក្រោយពីបានឃើញអត្ថបទព័ត៌មានខាងលើ លោក ប៉ែន ផាត ដែលកំពុងស្នាក់នៅប្រទេសថៃផ្ទាល់ បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកថា៖ «ខ្ញុំនៅចាំបាន នៅឆ្នាំ ១៩៧២ កម្ពុជាប្រកួតនឹងថៃ ដើម្បីចូលទៅវគ្គ ១/៤(មិនបញ្ជាក់ពានឈ្មោះអ្វី) ខ្មែរបានឈ្នះ ៣-០ ។ ដល់ពេលចប់ការប្រកួតយើងដើរទៅចាប់ដៃ គ្នានឹងគ្នាស្វាគមន៍ ស្រាប់ថៃបានវាយយើងមុន ! ហើយក៏ទៅជាសង្រ្គាមនៅ Terrain ball Indonesia តែម្ដងទៅ! ខ្ញុំឯងក៏ត្រូវរបួសដែរ!» ។
 
នេះគឺជារឿងជូរចត់មួយ តែក៏ជាអនុស្សាវរីយ៍មួយ សម្រាប់អតីតកីឡាកររួមជំនាន់ ដើម្បីបង្កើនការនឹករឭកគ្នា ក៏ដូចជាធ្វើឲ្យកីឡាករជំនាន់ក្រោយ បានដឹងប្រវត្តិខ្លាំងរបស់បាល់ទាត់ខ្មែរផងដែរ ។
 
សូមបញ្ជាក់ថា បច្ចុប្បន្នលោកព្រឹទ្ធាចារ្យ ប៉ែន ផាត កំពុងស្នាក់នៅប្រទេសថៃ ដោយជាប់កុងត្រាបណ្ដុះបណ្ដាលក្រុមថ្នាលយុវជននៃក្លឹបមួយរបស់ថៃ ។ ប៉ុន្ដែនៅថ្ងៃចុងសប្ដាហ៍នេះ តាមគម្រោងលោកនឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមពិធីបើក-បិទការប្រកួតកីឡាជាតិ លើកទី២ តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ យ៉ាងណាមិញ ក្រោយលោកចូលនិវត្តន៍អាជីពគ្រូបង្វឹក នៅប្រទេសបារាំង កាលពីឆ្នាំ២០១៥ លោកក៏តែងចូលរួមសកម្មភាពមួយចំនួន ក្នុងពិភពបាល់ទាត់ខ្មែរ និងដឹកនាំក្លឹបមួយចំនួន នៅក្នុងលីគកំពូលកម្ពុជាផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់