ពានសម្តេចហ៊ុន សែន៖ កីឡាករ ទៀត គឹមហេង រងរបួសដៃក្នុងជំនួបជាមួយក្រុមកោះកុង

នូ មករា May 12, 2018


ភ្នំពេញ៖ កីឡាករ ទៀត​ គឹមហេង  ដែលជាប្រធានក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​ បាន​រងរបួស​ដៃ​ក្នុងអំឡុង​ការ​ប្រកួត​តទល់ជាមួយ​ក្រុម​ខេត្ត​កោះកុង​ នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិកនាល្ងាច​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​ឧសភា​  ឆ្នាំ២០១៨​ នេះ​ដែលជាជំនួបប្រជែងគ្នាក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដំណាក់កាល​ភូមិភាគ​នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែនឆ្នាំ២០១៨​។
សូមបញ្ជាក់ថា កីឡាកររូបនេះបានរងរបួស​នៅពេល​ដែលរូប​គេ​បានលោត​តែត​បាល់​ហើយ​កល​នឹង​ខ្នង​កីឡាករ​ក្រុម​ខេត្ត​កោះកុង​ដែល​ឈរ​នៅស្ងៀមរួច​ធ្លាក់​ចុះ​មួយជំហរ​ខ្លួន​ហើយ​គឹមហេង​ ក៏បានយកដៃ​ច្រត់លើ​វាល​ស្មៅ​ដើម្បី​ទប់ ។ ភ្លាមៗ​នោះ​ដៃឆ្វេង​របស់​គេក៏​មានសភាព​វៀច​ខុស​ប្រក្រតី​ដែល​គេ​សង្ស័យ​ថា​បាក់​ ។ តាមរយៈ​ការ​សន្និដ្ឋាន​បឋម​ភ្លាមៗនៅ​លើ​ទីលាន​ ក្រុម​គ្រូពេទ្យបាន​វាយ​តម្លៃ​ថាប្រហែល​មិនធ្ងន់ធ្ងរ​ពេកទេ​ ដោយ​ទំនង​ជា​ប្រេះ​ឆ្អឹង​តែមិនដាច់​ចេញពីគ្នា​ហើយ​អាច​សះស្បើយ​ក្នុង​ពេល​មួួ​យ​សប្ដាហ៍​ដោយ​អប​ដែក​តម្រង់ដៃ​ឆ្វេងនោះ​ និង​អាច​ត្រលប់​ចូល​លេង​បាល់​វិញ​ក្នុងពេល​កន្លះ​ខែ​ខាងមុខ។
យ៉ាង​ណាក្ដី​ នេះគ្រាន់​ជា​ការ​សន្និដ្ឋាន​បឋម​ និង​ត្រូវ​រង់ចាំ​ការ​ថត​ដោយ​ម៉ាស៊ីន​នៅមន្ទីរពេទ្យ​សិន​ទើប​ដឹង​ប្រាកដ​ពី​ស្ថានភាព​របួស ខណៈដែល​ គឹមហេង​ ក៏មិន​ស្ថិត​ក្នុង​សភាព​តក់ស្លុត​ឬស្លន់ស្លោ​អ្វីដែរ ៕
អត្ថបទ៖ មករា
ប្រភព៖ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​

មតិយោបល់