Pahang​ FA ចាញ់ក្រុម ធារី ចន្ថាប៊ីន ក្រោយការចាកចេញរបស់ ចាន់ វឌ្ឍនាកា

នូ មករា May 12, 2018


ភ្នំពេញ៖ ក្លឹប Pahang FA បានស្គាល់បរាជ័យជាលើកទី២ ក្រោយប្រកួតចាញ់ក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ដោយលទ្ធផល ១-០ ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលម៉ាឡេស៊ី កាលពីយប់មិញ ។ ការបរាជ័យនេះ គឺស្របពេលក្លឹបកំពុងឈរលេខរៀងទី៣ បណ្ដោះអាសន្ននេះ ទើបបញ្ចប់កុងត្រាកីឡាករ ចាន់ វឌ្ឍនាកា ហើយជំនួសដោយកីឡាករកាណាដា និងកីឡាករនីហ្សេរីយ៉ា កាលពីពេលថ្មីៗ ។
  
សម្រាប់ការប្រកួតដ៏ស្វិតស្វាញនេះ គេឃើញវត្តមានកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន នៅតែរក្សាកៅអីជម្រើស ១១នាក់ដំបូងឲ្យក្រុម Terengganu FC ប៉ុន្ដែក្នុងវគ្គទី១ មិនមានការទាត់បញ្ចូលទីគ្នាឡើយ រហូតដល់នាទី៦២ ទើបកីឡាករ Faiz Nasir បានបំបែកពងមាន់ក្រុម Pahang ហើយក៏ជាគ្រាប់បាល់ធ្វើឲ្យអតីតក្រុមរបស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នេះស្គាល់ពាក្យចាញ់លើកទី២ ក្នុងចំណោម ១០ប្រកួតផងដែរ ។
ជាមួយនឹងជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុម Terengganu FC ឡើងឈរលេខរៀងទី៤ បណ្ដោះអាសន្ន និងមាន ១៥ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះ៤ ស្មើ៣ និងចាញ់ ៣ គ្រាដែលក្រុម Pahang FA រក្សាកៅអីលេខរៀងទី៣ និងមាន ១៨ពិន្ទុ ជាមួយលទ្ធផល ១០ប្រកួតឈ្នះ៥ ស្មើ៣ និងចាញ់ ២ ៕
អត្ថបទ៖ បុត្រា

មតិយោបល់