ការបញ្ចប់កុងត្រាកីឡាករកម្ពុជា នៅលីគម៉ាឡេស៊ី គឺជារឿងចៃដន្យ ស្របពេល…!

នូ មករា May 12, 2018


ភ្នំពេញ៖ ស្របពេលកីឡាករកម្ពុជា ៣រូប រួមមាន ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម ត្រូវបានក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ី បញ្ចប់កុងត្រាមុនកាលកំណត់ជាបន្ដបន្ទាប់ ត្រូវបានអ្នកតាមដានវិស័យបាល់ទាត់កម្ពុជា ដាក់ការសង្ស័យមានភាពមិនប្រក្រតីមួយចំនួន ទោះបីការផ្ដាច់កុងត្រានោះ ធ្វើឡើងក្រោមហេតុផលកីឡាករខ្វះខាតសមត្ថភាពក៏ដោយ ។
ជុំវិញករណីនេះ ត្រូវបានគ្រូធំប្រចាំកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា ចាត់ទុកជារឿងចៃដន្យ និងស្ទើរមិនគួរឲ្យជឿឡើយ ស្របពេលកម្ពុជា ស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 តាមរយៈការចាប់ពូលកាលពីដើមខែឧសភាកន្លងទៅ ។ លោកបន្ដថា វាអាចជាកត្តាយុទ្ធសាស្ដ្រ ដើម្បីយកប្រៀបក្នុងព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ ។
គ្រូបង្វឹកកាន់សញ្ញាបត្រ Pro-License រូបនេះ បានលើកឡើងថា៖ «វាអាចជារឿងចៃដន្យដែរ ព្រោះការដកកីឡាករកម្ពុជានេះ ធ្វើឡើងក្រោយចាប់ពូលប្រកួតពាន Suzuki Cup ហើយកម្ពុជា ស្ថិតក្នុងពូលជាមួយម៉ាឡេស៊ីទៀត ។ ដូច្នេះការផ្ដាច់កុងត្រា វឌ្ឍនាកា, សុខផេង និងឧត្តម អាចជាកត្តាយុទ្ធសាស្ដ្រមួយ ព្រោះកាលណាដកកីឡាករបែបនេះ នឹងធ្វើឲ្យពួកគេមានបញ្ហាផ្លូវចិត្ត និងខកខានអភិវឌ្ឍន៍សមត្ថភាព រហូតប៉ះពាល់ដល់ក្រុមជម្រើសជាតិថែមទៀត បើសិនពួកគេរកក្លឹបមិនបានលេងទេនោះ» ។
 
បុរសវ័យ ៤៥ឆ្នាំដដែលបន្ដថា ក្រោមហេតុផលខាងលើនេះ ចាំបាច់កីឡាករសំខាន់ៗទាំង ៣រូបរបស់កម្ពុជា ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម ត្រូវស្វែងរកក្លឹបលេងឲ្យបានលឿន តាមតែអាចធ្វើទៅបាន ដើម្បីរក្សាភាពខ្លាំងរបស់ខ្លួន ត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា ខណៈកន្លងមកលោកបានភ្ញាក់ផ្អើល ចំពោះទម្រង់លេងរបស់ពួកគេ ដែលអាចធ្វើបានយ៉ាងល្អ តាំងពីលើរហូតដល់ក្រោម ។
 
ដូច្នេះលោករំពឹងថា ពួកគេនឹងព្យាយាម ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាចុងឆ្នាំ២០១៨នេះ ។ សូមបញ្ជាក់ថា ចំពោះលទ្ធផលចាប់ពូលប្រកួតពានរង្វាន់ AFF Suzuki Cup 2018 គឺកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងឡាវ ។ ប៉ុន្ដែអ្វីដែលពិសេស គឺការប្រកួតបើកឆាក ដែលគ្រោងធ្វើឡើងនាថ្ងៃទី០៨ ខែវិច្ឆិកា ក្រុមគោព្រៃកម្ពុជា ត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ាឡេស៊ីថែមទៀតផង ៕
អត្ថបទ៖ បុត្រា

មតិយោបល់