កីឡដ្ឋានខេត្តកំពត ចាប់ផ្ដើមទ្រុឌទ្រោម រហូតធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ!

នូ មករា May 11, 2018


ភ្នំពេញ៖ ស្របពេលក្រសួងអប់រំ យុវជន និងកីឡា កំពុងដំណើរការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នៅខេត្តកំពត គេសង្កេតឃើញកីឡដ្ឋានខេត្តកំពត ដែលទទួលបន្ទុកព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ ហាក់មានសហភាពទ្រុឌទ្រោមជាខ្លាំង ដោយមានដក់ទឹក និងស្មៅងាប់មួយចំនួនធំខុសកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំពិធីបើកការប្រកួតក្របខណ្ឌលីគយុវជន U14, U16 និងលីគបាល់ទាត់នារីនៅទីនោះ ពោលគឺមានសភាពស្រស់ស្អាតពោរពេញដោយភាពទាក់ទាញមិនដូចឥឡូវឡើយ ។

(ស្ថានភាពបច្ចុប្បន្ន)

ដោយមើលឃើញពីការប្រឈមវិលទៅរកសភាពដើមវិញ នៃកីឡដ្ឋានខេត្តកំពត អ្នកស្នេហាវិស័យកីឡា និងនិយមហាត់ប្រាណ រស់នៅខេត្តកំពតម្នាក់ បានរៀបរាប់ដោយសុំមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នកីឡដ្ឋានខេត្តខ្លួន ពិតជារងការខូចខាតច្រើន ប៉ុន្ដែមិនមែនទើបខូចអំឡុងការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០១៨ នោះទេ គឺខូចមុនហ្នឹង ដោយស្មៅចាប់ផ្ដើមងាប់ជាហូហែរ ហើយមានទឹកដក់ស្ទើរបង្កជាភក់ជ្រាំក្រោយការប្រកួតម្ដងៗទៀតផង ។ មិនតែប៉ុណ្ណោះ សូម្បីតែការបំភ្លឺអំពូលភ្លើង ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើការហាត់ប្រាណល្ងាចៗ និងពេលព្រលប់នាកីឡដ្ឋាននេះក៏ត្រូវបានកាត់បន្ថយស្ទើរអស់ផងដែរ ។

(ស្ថានភាពបច្ចុប្បន្ន)

បុរសសម្បុរខ្មៅស្រអែមដដែលបានបន្ដថា កាលពីថ្ងៃបើកលីគ U14, U16 និងលីគបាល់ទាត់នារី កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយមើលឃើញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់ខេត្ដកំពត និងហេដ្ឋារចនាសម្ព័ន្ធខេត្តកំពត លោកបានផ្ដល់ការឧបត្ថម្ភថវិកាចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីដាំបង្គោលភ្លើងស្ដង់ដារចំនួន ៤ ជុំវិញទីលាន ប៉ុន្ដែរហូតមកទល់ពេលនេះ បង្គោលភ្លើងស្ដង់ដារនោះមិនទាន់នឹងលេចចេញជារូបរាងផង ស្រាប់តែកីឡដ្ឋានខេត្តកំពត បែរជារងការខូចខាតស្ទើរមើលមិនយល់ទៅហើយ។

(រូបភាពកាលពីឆ្នាំមុន)

ដោយមើលឃើញពីហានិភ័យ ចំពោះកីឡដ្ឋានខេត្តកំពតដូច្នេះ បុរសដដែល បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ នៃខេត្តកំពត រួមទាំងប្រជាពលរដ្ឋផងដែរ ឲ្យចូលរួមថែរក្សា និងអភិវឌ្ឍន៍កីឡដ្ឋានខេត្តមួយនេះឲ្យមានសោភណ្ឌភាពស្រស់ស្អាត ដូចកាលពី ១ឆ្នាំមុន ដែលមានការឧបត្ថម្ភគាំទ្រ និងកោតសរសើរពីប្រមុខថ្នាក់ដឹកនាំនានា សម្រាប់ជាមុខមាត់ខេត្ត និងត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់ជាតិធំៗនានា តួយ៉ាងដូចជាការប្រកួតកីឡាសិស្សធម្យសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលកំពុងរៀបចំនៅទីនោះជាដើម ។ ទន្ទឹមជាមួយគ្នាលោកក៏មានការព្រួយបារម្ភផងដែរ បើសិនគ្មានវិធានការពីថ្នាក់ដឹកនាំនោះ ។

(រូបភាពកាលពីឆ្នាំមុន)

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងទៅ កីឡដ្ឋានខេត្តកំពត ត្រូវបានថ្នាក់ដឹកនាំជាច្រើន ពិសេសប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា សម្ដែងការកោតសរសើរ ចំពោះការអភិវឌ្ឍឲ្យមានការរីកចម្រើន និងបានផ្ដល់ថវិកាផ្ទាល់ខ្លួន ៣៥ម៉ឺនដុល្លារ ដើម្បីដំឡើងបង្គោលភ្លើងស្ដង់ដារទៀតផង ។ មិនតែប៉ុណ្ណោះ ក៏មានក្លឹបមួយចំនួនចង់បានកីឡដ្ឋានខេត្តនេះ ធ្វើជាទឹកដីសម្រាប់ទទួលភ្ញៀវក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់