ចប់បាត់! ប្រាក់ មុន្នីឧត្តម ក៏ត្រូវក្លឹបម៉ាឡេស៊ី បញ្ចប់កុងត្រាមុនកំណត់ដែរ!

នូ មករា May 11, 2018


ភ្នំពេញ៖ បន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ កែវ សុខផេង ពេលនេះកីឡាករកម្ពុជាម្នាក់ទៀតហើយ គឺកីឡាករ ប្រាក់ មុន្នីឧត្តម ក៏ត្រូវបានក្លឹប Negeri Sembilan បញ្ចប់កុងត្រាមុនកាលកំណត់ផងដែរ ។ នេះបើយោងតាមការផ្សព្វផ្សាយជាសាធារណៈរបស់ក្លឹបកំពុងឈរបាត់តារាងលីគកំពូលម៉ាឡេស៊ី លើបណ្ដាញទំនាក់ទំនងសង្គមកាលពីយប់មិញ ។

ប៉ុន្ដែមុននឹងការបញ្ចប់កុងត្រានេះ កាលពីប៉ុន្មានថ្ងៃមុន កីឡាករមានប្រភពពីក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានថាទម្លាយចង់ចាកចេញពីក្លឹបម៉ាឡេស៊ីនេះរួចមកហើយ ដោយគ្រោងចាកចេញក្រោយបញ្ចប់ការប្រកួតជើងទី១ នៃលីគកំពូលម៉ាឡេស៊ី ព្រោះព្រួយបារម្ភធ្លាក់ចុះទម្រង់លេងរបស់ខ្លួន ប៉ុន្តែឥលូវដូចការទម្លាយព័ត៌មានខាងលើមែន ក្លឹប Negeri Sembilan បានសម្រេចចែកផ្លូវគ្នាជាមួយ ប្រាក់ មុន្នីឧត្តម តែម្ដង ហើយបាននាំយកីឡាករហ្វីលីពីន Angel Guirado មកជំនួសកន្លែងរបស់គេវិញ ។

គួរដឹងថា ក្រោយកីឡាករ ចាន់ វឌ្ឍនាកា ចាកចេញពីក្លឹប Pahang FA ខណៈកីឡាករ កែវ សុខផេង ចាកចេញពីក្លឹប PKNP និងកីឡាករ ប្រាក់ មុន្នីឧត្តម ដើរចេញពីក្លឹប Negeri Sembilan ពេលនេះសល់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ម្នាក់គត់ ដែលនៅបន្ដលេងឲ្យក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ី គឺក្លឹប Terengganu FC ។ ដូច្នេះចាំមើលបន្ដ តើវាសនា ធារី អាចល្អប្រសើរជាងកីឡាករមិត្តរួមជាតិទាំង ៣រូបខាងលើ ឬយ៉ាងណា?

អត្ថបទ៖ បុត្រា

មតិយោបល់