ណារ៉ុង កក្កដា ប្រើពេល ២ឆ្នាំ ដើម្បីសម្រេចគោលដៅ

នូ មករា May 10, 2018


ភ្នំពេញ៖ កីឡាករវ័យក្មេងរបស់ក្លឹបក្រសួងការពារជាតិកីឡាករ ណារ៉ុង កក្កដា ត្រូវបានអ្នកគាំទ្រស្គាល់កាន់តែច្រើន បន្ទាប់ពីរកបាន ២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមជម្រើសជាតិក្រោមអាយុ ២១ឆ្នាំកម្ពុជា ទម្លាក់ក្រុមការពារតំណែងជើងឯកមីយ៉ាន់ម៉ា ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 កាលពីពេលថ្មីៗ ហើយក៏ជាជោគជ័យមួយ ក្រោយការសម្រេចចិត្តលេងបាល់ទាត់អស់រយៈពេល ២ឆ្នាំកន្លងទៅផងដែរ ។

ណារ៉ុង កក្កដា បានឲ្យដឹងថា បន្ទាប់ពីជម្នះចិត្តឪពុក-ម្ដាយ លួចហាត់បាល់ទាត់ ខ្លួនបានកំណត់គោលដៅ ២ឆ្នាំ ដើម្បីជួយដល់ក្រុមជម្រើសជាតិ ហើយទីបំផុតក្ដីស្រម៉ៃមួយនេះ ក៏បានក្លាយជាការពិត ក្រោយការផ្ដល់ឱកាសរបស់លោក ប្រាក់ សុវណ្ណារ៉ា ដើម្បីចូលរួមពានលក្ខណៈមិត្តភាពអន្ដរជាតិខាងលើ ហើយថែមទាំងធ្វើឲ្យឪពុក-ម្ដាយរបស់ខ្លួនសប្បាយចិត្ត និងឈប់រារាំង បំណងប្រាថ្នាចង់ក្លាយជាកីឡាករអាជីពរបស់ខ្លួនទៀតផង ។

កីឡាករទើបបានឱកាសចូលរួមក្រុមធំក្រសួងការពារជាតិ កាលពីដើមឆ្នាំ២០១៨ រូបនេះ បាននិយាយថា «ការសម្រេចចិត្តចូលប្រឡូកអាជីពបាល់ទាត់នេះ គឺដោយសារការស្រលាញ់តាំងពីតូច ពេសលខ្ញុំមើលបាល់តាមទូរទស្សន៍ ខ្ញុំក៏ចង់លេងដែរ ។ ប៉ុន្ដែចូលលេងដំបូង ខ្ញុំលួចហាត់ ព្រោះឪពុក-ម្ដាយខ្ញុំ គាត់អត់ចង់ឲ្យលេងទេ… ប៉ុន្ដែក្រោយជាប់ក្រុមធំ ទើបពួកគាត់សប្បាយចិត្ត និងឈប់រារាំង ។ តែអ្វីដែលខ្ញុំសប្បាយចិត្ត គឺខ្ញុំបានសម្រេចគោលជួយក្រុមជម្រើសជាតិ តាមផែនការរយៈពេល ២ឆ្នាំរបស់ខ្ញុំពិតមែន» ។

ក្រោយត្រឡប់ពីប្រទេសប្រ៊ុយណេ កីឡាករវ័យក្មេងរូបនេះ បានតាំងចិត្ត និងប្ដេជ្ញាចិត្តបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដើម្បីរក្សាកៅអីជម្រើសជាតិ និងជួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗនាពេលខាងមុខ ពិសេសគឺការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាចុងឆ្នាំនេះតែម្ដង ។ សូមបញ្ជាក់ថា កាលគ្រាប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 អំឡុងពេលក្រុមគោព្រៃជំទង់កម្ពុជា ជួបក្រុមការពារតំណែងជើងឯកមីយ៉ាន់ម៉ា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាករ ណារ៉ុង កក្កដា គឺករបាន ២គ្រាប់ម្នាក់ឯង ក្នុងជម្នះ ២-១ លើក្រុម U21មីយ៉ាន់ម៉ា ដែលធ្វើឲ្យក្រុម U21កម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង មុនប្រកួតប្រកួតចាញ់ក្រុម U21 ទីម័រខាងកើត នៅវគ្គកាត់សេចក្ដីចុងក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់