ចាន់ វឌ្ឍនាកា ប្ដេជ្ញាចិត្តមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនឡើយ!

នូ មករា May 10, 2018


ភ្នំពេញ៖ បន្ទាប់ពីក្លឹបលីគកំពូលម៉ាឡេស៊ី Pahang FA បញ្ចប់កុងត្រាមុនការកំណត់ទាំងតក់ក្រហល់ កីឡាករ ចាន់ វឌ្ឍនាកា បានចាត់ទុកនេះគឺជារឿងធម្មតាប៉ុណ្ណោះ ហើយគេក៏បានបង្ហាញអារម្មណ៍ប្ដេជ្ញាចិត្ត ដោយមិនបោះបង់ក្ដីស្រមៃលើវិថីបាល់ទាត់ផងដែរ តាមរយៈការសរសេរសារបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីម្សិលមិញ ។

វឌ្ឍនាកា បានសរសេរថា៖ «វាមិនមានអ្វីចម្លែកទេ នៅក្នុងពិភពបាល់ទាត់ វាតែងតែកើតមានរឿងនេះ តែអ្វីដែលសប្បាយចិត្ត គឺខ្ញុំបានបំពេញការងារ ដែលខ្ញុំត្រូវធ្វើរួចហើយ អ្វីដែលត្រូវធ្វើបន្តទៀត គឺមានតែការមិនបោះបង់ប៉ុណ្ណោះ ។ ថ្វីបើខ្ញុំនៅទីនេះត្រឹមរយះពេលប៉ុន្មានខែមែន តែទីនេះពិតណាស់ជាកន្លែងដែលធ្វើអោយខ្ញុំស្គាល់បាល់ទាត់បន្ថែមទៀត ជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ជីវិត និង វិថីដែលខ្ញុំចង់ដើ ខ្ញុំនឹងដើ ដើរហូតមិនឈប់ ខ្ញុំមិនចុះចាញ់ ព្រោះខ្ញុំចង់ឈ្នះ ខ្ញុំហត់ តែខ្ញុំទ្រាំ» ។

នេះគឺជាសារលើកដំបូង ក្រោយដំណឹងចែកផ្លូវគ្នាជាមួយក្លឹប Pahang FA ត្រូវបានប្រកាសជាសាធារណៈដោយគ្រូបង្វឹករបស់ក្លឹប ។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើន បានសម្ដែងការសោកស្ដាយ និងចូលរួមលើកទឹកចិត្តដល់កីឡាករមានប្រភពពីខេត្តកំពតរូបនេះ ដោយជំរុញឲ្យបន្ដការខិតខំប្រឹងប្រែងបន្ថែម ដើម្បីឈានទៅសម្រេចក្ដីស្រមៃលើវិថីបាល់ទាត់របស់ខ្លួន ។

ចំណែកសារចុងក្រោយរបស់ វឌ្ឍនាកាគឺ៖ «ជាចុងក្រោយខ្ញុំមានតែពាក្យអរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ និងលើកទឹកចិត្តខ្ញុំ និងបារម្ភពីខ្ញុំ អរគុណខ្លាំងណាស់» ។ គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Pahang FA សម្រេចចុះកុងត្រារយៈពេល ១ឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់ទៅវិញ នៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ។ ប៉ុន្ដែអំឡុងការប្រកួត ដោយមើលឃើញពីចំណុចខ្វះខាតរបស់គ្រូបង្វឹកលោក Dollah Salleh មិនអាចបន្ដជួយបង្កើនភាពខ្លាំងដល់ក្រុមបាន លោកក៏សម្រេចបញ្ចប់កុងត្រាមុនការកំណត់តែម្ដង ហើយបាននាំយកកីឡាករបរទេស ២រូបផ្សេងទៀត មកជំនួសកន្លែងរបស់គេ គឺកីឡាករកាណាដា-ជប៉ុន Issey Nakajima និងកីឡាករនីហ្សេរីយ៉ា Austin Amutu» ៕ អត្ថបទ៖ បុត្រា

មតិយោបល់