លីគកំពូលកម្ពុជា៖ ៥ប្រកួតត្រូវប្ដូរទីលានពីពហុកីឡដ្ឋានជាតិ ព្រោះជាប់រៀបចំកីឡាជាតិ លើកទី២

នូ មករា May 10, 2018


ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC សម្រាប់កម្មវិធីប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាចំនួន ៥ប្រកួត នៅក្នុងសប្ដាហ៍ទី៧ និងសប្ដាហ៍ទី៨ ដែលត្រូវប្រកួតលើទីលានពហុកីឡដ្ឋានជាតិ ត្រូវបានសម្រេចផ្លាស់ប្ដូរទីលាន ដើម្បីទីតាំងប្រវត្តិសាស្ដ្រមួយនេះ សម្រាប់រៀបចំពិធីបើក-បិទ និងការប្រកួតកីឡាជាតិ លើកទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ។
ចំពោះកម្មវិធីប្រកួតត្រូវបានផ្លាស់ប្ដូររួមមាន៖ សប្ដាហ៍ទី៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ក្រុមសូលទីឡូអង្គរ ប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៣រសៀល និងក្រុមក្រសួងការពារជាតិ ជួបក្រុមខ្លាំងណាហ្គាវើល នាវេលាម៉ោង ៦ល្ងាច នៅលើទីលានពហុកីឡដ្ឋានកងយោធពលខេមរភូមិ(ស្ដាតចាស់)ដូចគ្នា ។ រីឯថ្ងៃទី២៧ខែឧសភាលើកតែ ១ប្រកួតប៉ុណ្ណោះ គឺជំនួបរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមកំពុងឡើងជើងវិសាខា ត្រូវប្ដូរទៅប្រកួតនៅកីឡដ្ឋាន លាន AEU Sports Park នាម៉ោង៣រសៀល ។
ដោយឡែកសប្ដាហ៍ទី៨ ពោលគឺនៅថ្ងៃទី០២ ខែមិថុនា គឺក្រុមបឹងកេត ប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើល ប៉ះក្រុមវិសាខា ត្រូវប្ដូរទៅប្រកួតលើទីលានពហុកីឡដ្ឋានកងយោធពលខេមរភូមិ(ស្ដាតចាស់)ដូចគ្នា ។ ចំណែកការប្រកួតសប្ដាហ៍ទី៦ គឺរក្សាទីលានប្រកួតនៅដដែល លើកលែងតែជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប៉ុណ្ណោះ ដែលត្រូវបានសម្រេចលើកថ្ងៃប្រកួត ពីថ្ងៃទី១៩ ទៅថ្ងៃទី២០ ខែឧសភាវិញ ។ នេះបើតាមកម្មវិធីប្រកួតរបស់ CNCC ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់