មូលហេតុចឹងតើបាន Pahang សម្រេចចែកផ្លូវពី ចាន់ វឌ្ឍនាកា!

នូ មករា May 9, 2018


ភ្នំពេញ៖ លោក Dollah Salleh គ្រូបង្វឹកក្រុម Pahang FA បានបញ្ជាក់យ៉ាងច្បាស់ហើយថា ក្លឹបបានចែកផ្លូវគ្នាជាមួយកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ហើយ ដោយសារក្លឹបត្រូវយកកីឡាករបរទេស ២រូប គឺកីឡាករកូនកាត់កាណាដា-ជប៉ុន Issey Nakajima និងកីឡាករនីហ្សេរីយ៉ា Austin Amutu មកជំនួស និងពង្រឹងតំបន់យុទ្ធឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

គ្រូបង្វឹកវ័យ ៥៤ឆ្នាំរូបនេះ បានបន្ដថា ការចាកចេញយ៉ាងឆាប់រហ័សរបស់ ចាន់ វឌ្ឍនាកា គឺដើម្បីចាប់យក Issey Nakajima-Farran និង Austin Amutu សម្រាប់បន្ដភាពខ្លាំងក្នុងលីគកំពូលម៉ាឡេស៊ី ។ លោកថា៖ “យើងសង្ឃឹមថាការមកដល់នៃកីឡាករទាំងពីរ នឹងបង្កើនគុណភាពនៅក្នុងក្រុមរបស់យើងកាន់តែប្រសើរ។ Amutu ប្រហែលជាមានបញ្ហាខ្លះក្នុងការផ្លាស់ប្តូរក្រុម ប៉ុន្តែខ្ញុំប្រាកដថាបទពិសោធន៍របស់គាត់នឹងជួយយើងបាន»។

ក្រឡេកមកចាប់អារម្មណ៍ ចាន់ វឌ្ឍនាកា វិញ ថ្វីត្បិតតែត្រូវបញ្ចប់កុងត្រាមុនកាលកំណត់ក្ដី ប៉ុន្ដែសម្រាប់ការប្រកួត ៩សប្ដាហ៍ នៃលីគកំពូលម៉ាឡេស៊ីកន្លងមក គេស្ទើជាប់ជម្រើស ១១នាក់ដំបូងរហូត តែគេមិនអាចជួយក្រុមបានច្រើន ដូចរំពឹងទុករបស់លោក Dollah ។ ហេតុនេះដោយមើលមិនឃើញពីការរីកចម្រើនរបស់ ចាន់ វឌ្ឍនាកា ក្លឹបក៏បង្ខំចិត្តចែកផ្លូវ ហើយស្វែងរកកីឡាករថ្មីមកជំនួយកីឡាករមានប្រភពពីខេត្តកំពតនេះតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់