គ្រូជម្រើសជាតិ ស្នើកីឡាករ និងក្លឹបធ្វើរឿងមួយដើម្បីត្រៀម Suzuki Cup ចុងឆ្នាំ និងស៊ីហ្គេម២០១៩

នូ មករា May 8, 2018


ភ្នំពេញ៖ ក្រោយត្រឡប់ពីប្រទេសប្រ៊ុយណេ អមដោយតំណែងជើងឯករងនៃពានស្ដេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុម U21កម្ពុជា បានចាត់ទុកលទ្ធផលនេះ គឺជាជោគជ័យដ៏ល្អមួយ ហើយលោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗផងដែរ ។ ទន្ទឹមគ្នានេះដែរ លោកបានស្នើសុំរឿងម្យ៉ាង ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែល្អប្រសើរ សម្រាប់ចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ។  

លោក ប្រាក់ សុវណ្ណារ៉ា និយាយថា៖ «ខ្ញុំចង់ឃើញកីឡាករទាំងអស់ ក្រោយចប់បេសកកម្មប្រកួតពានស្ដេចប្រ៊ុយណេ បានចូលលេងជម្រើស ១១នាក់ដំបូងទាំងអស់ឲ្យក្លឹប…។ យើងបានជជែកពីកីឡាករម្នាក់ៗរួចហើយ តើអ្វីដែលខ្វះខាត ហើយអ្វីដែលជាចំណុចខ្លាំង ដែលត្រូវពង្រឹងបន្ថែម ពិសេសត្រូវព្យាយាមដោយខ្លួនឯង ព្រោះមានតែការអភិវឌ្ឍខ្លួនឯងទេ ដែលយើងអាចពង្រឹងក្រុមជម្រើសជាតិបាន ។ ដូច្នេះខ្ញុំសង្ឃឹមថា ប្អូនៗនឹងប្រឹងប្រែងឲ្យកាន់តែខ្លាំង ហើយក្លឹបនឹងជួយពង្រឹងបន្ថែម ព្រោះអ្វីដែលសំខាន់ គឺនៅតាមក្លឹប ដូច្នេះខ្ញុំសូមអរគុណក្លឹប ដែលបានខិតខំប្រឹងប្រែង ហើយសង្ឃឹមថា យើងនឹងបន្ដខំប្រឹងថែមទៀត ចាប់ពីពេលនេះ រហូតដល់ Suzuki Cup និងស៊ីហ្គេម ឆ្នាំ២០១៩» ។

ការលើកឡើងបែបនេះ ដោយសារគ្រូបង្វឹកកម្រិត Pro License ជឿជាក់លើកីឡាករ U21 កម្ពុជា ដែលទើបបញ្ចប់បេសកកម្មប្រកួតពាន Hassanal Bolkiah Trophy 2018 សុទ្ធតែមានសក្ដានុពលសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។ លោករំពឹងថា ប្រសិនបើកីឡាករម្នាក់ៗ ដាក់គោលដៅអភិវឌ្ឍន៍ខ្លួនបានល្អ និងមានការជំរុញបន្ថែមពីក្លឹប សម្រាប់ Suzuki Cup ចុងឆ្នាំនេះ ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន កម្ពុជាមានសមត្ថភាពអាចធ្វើឲ្យព្រឹត្តិការណ៍ធំៗកក្រើក និងក្ដៅគគុកក្នុងការប្រកួតលើទីលានជាក់ជាមិនខាន ៕ អត្ថបទ៖ បុត្រា

 

មតិយោបល់