កង្វះបទពិសោធន៍ គឺជាកង្វល់របស់ក្រុមសសយក.កំចាយមារ នៅពាន AFF Futsal 2018

នូ មករា May 8, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ(សសយក.កំចាយមារ) នឹងត្រូវចូលរួមប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ក្នុងសាលជើងឯកអាស៊ីអាគ្នេយ៍ AFF Futsal Club Championship 2018 ក្នុងនាមក្រុមតំណាង ដំបូង នាខែកក្កដាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី ។ ទន្ទឹមជាមួយថ្នាក់ដឹកនាំក្រុមសសយក.កំចាយមារ ហាក់មានក្ដីកង្វល់មួយចំនួនចំពោះការត្រៀមប្រកួតពានកម្រិតតំបន់លើកដំបូងនេះពិសេសគឺរឿងខ្វះខាតបទពិសោធន៍តែម្ដង ។

លោក ខុន សន្ទនា អ្នកចាត់ក្រុមសសយក.កំចាយមារ បានលើកឡើងថា ដោយសារជាលើកដំបូង ដែលក្រុមបាល់ទាត់ក្នុងសាលកម្ពុជា ត្រូវចូលរួមប្រកួតពានលើឆាកអន្ដរជាតិ ដូច្នេះមានបញ្ហាច្រើន ត្រូវប្រឈរមុខ ជាក់ស្ដែងបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ ដោយក្រុមសសយក.កំចាយមារ ពុំធ្លាប់ឆ្លងកាត់នោះទេ គឺមានតែការប្រកួតក្នុងស្រុកប៉ុណ្ណោះ ។ ហេតុនេះលោកបានកំណត់ការប្រកួតលីគក្នុងសាលបច្ចុប្បន្ន គឺជាបទពិសោធន៍ល្អ សម្រាប់ជាដើមទុនត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Futsal Club Championship 2018 ។

ម្យ៉ាងវិញទៀត ក៏មានការព្រួយបារម្ភពីកង្វះខាតកីឡាផងដែរ ប៉ុន្ដែក្នុងរយៈពេលនៃការត្រៀមខ្លួនេះ ទម្រាំដល់ការប្រកួត លោកនឹងរកបានកីឡាករពី ២ ទៅ ៣នាក់ទៀត ដើម្បីគាំទ្រដល់ការប្រកួតនេះ ដែលកីឡាករទាំងនោះ អាចជ្រើសរើសតាមបណ្ដាក្លឹប កំពុងប្រកួតក្នុងលីគកបាល់ទាត់ក្នុងសាលកម្ពុជាបច្ចុប្បន្ន ។ លោករំពឹងថា បេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF Futsal Club Championship 2018 នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែរីកចម្រើនដូចបណ្ដាប្រទេសផ្សេងៗ ។

គួរបញ្ជាក់ថា បេសកកម្មលើកដំបូង ដែលក្រុមសសយក.កំចាយមារ នឹងចូលរួមប្រកួតក្នុងពានកម្រិតតំបន់នេះ តាមគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដោយក្រុមតំណាងកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុម East Coast Heat FC របស់អូស្រ្ដាលី, ក្រុម MIC របស់មីយ៉ាន់ម៉ា និងក្រុម Arbisyam FC ប្រ៊ុយណេ ។ រីឯពូលB មាន ៤ក្រុមដូចគ្នា រួមមានក្រុម Bangkok BTS របស់ថៃ, ក្រុម Sanna Khanh Hoa របស់វៀតណាម, ក្រុម Melaka United របស់ម៉ាឡេស៊ី និងក្រុមរបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៕

អត្ថបទ៖ បុត្រា

មតិយោបល់