ក្រុម U21កម្ពុជា វិលមកមាតុភូមិវិញល្ងាចនេះ ក្រោយឈ្នះជើងឯករងពានស្ដេចប្រ៊ុយណេ

នូ មករា May 7, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា នឹងត្រឡប់មកមាតុភូមិរបស់ខ្លួន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតពានរង្វាន់ស្ដេចប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ត្រឹមចំណាត់ថ្នាក់ជើងឯករង កាលពីចុងសប្ដាហ៍កន្លងទៅ ។ សូមបញ្ជាក់ថា ទោះបីកម្ពុជា មិនអាចយកឈ្នះទីម័រខាងកើត ដើម្បីលើកពានស្ដេចប្រ៊ុយណលើកដំបូងក្ដី ប៉ុន្ដែឆ្នាំ២០១៨នេះ គឺជាជោគជ័យថ្មីក្នុងប្រវត្តិសាស្ដ្រមួយ ដែលក្រុមបាល់ទាត់ U21កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានជើងឯករងលើកដំបូង បន្ទាប់ពីចូលរួមប្រកួតពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិមួយនេះចំនួន ៥លើកកន្លងមក ។ 

បើតាមការឲ្យដឹងពីមន្ដ្រីអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថា ជាមួយនឹងការវិលត្រឡប់អមដោយភាពជោគជ័យរបស់ក្រុមគោព្រៃជំទង់កម្ពុជាល្ងាចនេះ តាមគម្រោងក៏នឹងមានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ទៅទទួលស្វាគមន៍ និងអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូ និងកីឡាករ ដើម្បីដណ្ដើមជើងឯករងជូនជាតិកម្ពុជាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់