Hun Sen Cup: វគ្គ ១/២ផ្ដាច់ព្រ័ត្រក្រុមគិរីវង់ ប៉ះកំពត ខណៈ U18 បាទី ជួបម្ចាស់ផ្ទះកោះកុង

នូ មករា May 7, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ថ្នាក់ខេត្តបានបញ្ចប់កម្មវិធីចាប់គូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចហើយ ដោយក្រុមគិរីវង់សុខសែនជ័យ ត្រូវជួបក្រុមជម្រើសខេត្តកំពត និងក្រុមជម្រើសខេត្តកោះកុង ជួបក្រុមខ្លាំងសាលាបាល់ទាត់ជាតិក្រោមអាយុ ១៨ឆ្នាំ ខណៈការប្រកួតនឹងធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ។

លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឲ្យដឹងថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែឧសភាចុងសប្ដាហ៍នេះ ដោយប្រកួតម៉ោងខុសគ្នា ពោលគឺក្រុមគិរីវង់ ប្រកួតជាមួយខេត្តកំពត នាវេលាម៉ោង ៣រសៀល បន្ទាប់មកទើបខេត្តកោះកុង ប្រកួតជាមួយក្រុម U18បាទី នាវេលាម៉ោង ៦ល្ងាចថ្ងៃដដែល ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ។

លោកបានបន្ថែមថា ជាមួយការប្រកួតនេះដែរ ក្រោយរកឃើញក្រុមទទួលបានជ័យជម្នះ ក្រុមទាំងពីរត្រូវជួបគ្នាដណ្ដើមជើងឯក ប៉ុន្ដែក្រុមបរាជ័យ មិនត្រូវបានតម្រូវធ្វើការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នោះទេ ពោលគឺមានតែជើងឯក និងជើងឯករង សម្រាប់ពានរង្វាន់ថ្នាក់ខេត្តនេះប៉ុណ្ណោះ ។ តែយ៉ាងណាក្រុមទាំង ៤ សុទ្ធតែបានកក់កៅអីពានរង្វាន់ថ្នាក់ជាតិ នៃពាន Hun Sen Cup នេះរួចទៅហើយ ដោយការប្រកួតថ្នាក់ជាតិ គ្រោងចាប់ផ្ដើមនាពាក់កណ្ដាលខែកក្កដាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់