ក្រុម U16នារីកម្ពុជា អស់ឱកាសក្នុងពាន AFF ក្រោយចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-០

នូ មករា May 5, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះ នៃពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 ហើយ ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U16នារីឥណ្ឌូនេស៊ី កាលពីល្ងាចមិញ ដែលនាំឲ្យកម្ពុជារក្សាកៅអីបាតតារាងគ្មានពិន្ទុរាប់ឡើយ ។

ចំពោះការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំនេះ ក្រុមកីឡាការិនីកម្ពុជា ហាក់ធ្វើមិនបានល្អ ដូចឆ្នាំមុនឡើយ ជាក់ស្ដែងកាលពីឆ្នាំមុន កម្ពុជា ធ្លាប់ស្មើឥណ្ឌូនេស៊ី ១-១ ប៉ុន្ដែឆ្នាំនេះ បានបរាជ័យដល់ទៅ ២-០ ។ លទ្ធផលនេះ បានធ្វើឲ្យក្រុម U16នារីកម្ពុជាអស់ឱកាស ដោយរង់ចាំការប្រកួតបង្គ្រប់កិច្ចចុងក្រោយជាមួយក្រុមជើងខ្លាំងថៃ នាថ្ងៃទី០៦ ខែឧសភាស្អែក ។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូលB គឺថៃ ឈរកំពូលតារាងមាន ៦ពិន្ទុពេញ គ្រាដែលឥណ្ឌូនេស៊ី និងឡាវមាន ៣ពិន្ទុស្មើគ្នា ។ រីឯពូលA ថ្ងៃនេះមាន ២ប្រកួត គឺក្រុមបាល់ទាត់នារី U16 ហ្វីលីពីន ជួបសិង្ហបុរី និងក្រុមបាល់ទាត់នារីមីយ៉ាម៉ា ប៉ះម៉ាឡេស៊ី ។ ដោយឡែកលទ្ធផលបណ្ដោះអាសន្ន វៀតណាម និងម៉ាឡេស៊ីកំពុងកាន់ ៤ពិន្ទុក្នុងដៃ គ្រាដែលក្រុមសិង្ហបុរី និងមីយ៉ាន់ម៉ា ទើបរកបាន ១ពិន្ទុ លើក្រុមបាត់តារាងហ្វីលីពីនមិនទាន់ស្គាល់ឈ្នះនៅឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់