ប្រវត្តិសង្ខេបកម្ពុជាធ្លាប់ចូលរួមពានស្ដេចប្រ៊ុយណេ មុនប្រកួតផ្ដាច់ព្រ័ត្រថ្ងៃនេះ

នូ មករា May 5, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ស្ដេចប្រ៊ុយណេ Hassanal Bolkiah Trophy ត្រូវបានរៀបចំសរុប ៦លើកមកហើយ បើគិតត្រឹមឆ្នាំ២០១៨(ឆ្នាំ២០០២, ២០០៥, ២០០៧, ២០១២, ២០១៤ និង ២០១៨) ហើយកម្ពុជា ក៏ធ្លាប់បានបញ្ជូនក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៨ឆ្នាំទៅចូលរួមបានចំនួន ៥លើកផងដែរ ប៉ុន្ដែឆ្នាំនេះ គឺជាឆ្នាំជោគជ័យជាងគេ ដែលកម្ពុជា បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមយុវជនទីម័រខាងកើត នាល្ងាចថ្ងៃទី០៥ ខែឧសភានេះ ។ 

ប៉ុន្ដែមុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើកដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា សូមក្រឡេកមកមើលប្រវត្តិ និងលទ្ធផលសង្ខេប ដែលកម្ពុជា ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លក្ខណៈមិត្តភាពអន្ដរជាតិនេះសិន រួមមាន៖ឆ្នាំ២០០២៖ កម្ពុជា បានឈរបាតតារាងពូលA មាន ១ពិន្ទុជាមួយលទ្ធផល ៤ប្រកួតស្មើ ១ និងចាញ់ ៣(ស្មើប្រ៊ុយណេ ០-០, ចាញ់ឡាវ ៦-២, ចាញ់ម៉ាឡេស៊ី ៣-០ និងចាញ់មីយ៉ាន់ម៉ា ៧-០) ។ ជើងឯកបានទៅក្រុម U21ឥណ្ឌូនេស៊ី ។ឆ្នាំ២០០៥៖ កម្ពុជា មិនបានចូលរួមនោះទេ(មិនច្បាស់មូលហេតុ) ។

ឆ្នាំ២០០៧៖ កម្ពុជា បានចូលរួមលើកទី២ តែបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយឈរលេខ២ ក្នុងពូលB ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១(ឈ្នះហ្វីលីពីន ៦-០, ស្មើប្រ៊ុយណេ ២-២ និងចាញ់មីយ៉ាន់ម៉ា ៧-០) ។ តែគួឲ្យស្ដាយប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្ពុជា ចាញ់ថៃ ១០-១ ។ ជើងឯកបានទៅក្រុម U21ថៃ ។

ឆ្នាំ២០១២៖ កម្ពុជា បានឈរបាតតារាងពូលB ដោយគ្មានពិន្ទុរាប់ឡើយ ក្រោយបរាជ័យ ៤ប្រកួតជាប់ៗគ្នា(ចាញ់ប្រ៊ុយណេ ៣-២, ចាញ់វៀតណាម ២-១, ចាញ់ទីម័រខាងកើត ៣-១ និងចាញ់ម៉ាឡេស៊ី ៣-១ ។ ជើងឯកបានទៅក្រុមម្ចាស់ផ្ទះប្រ៊ុយណេ ។

ឆ្នាំ២០១៤៖ កម្ពុជា ស្ថិតក្នុងពូលB តែបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលទាំងសោកស្ដាយ ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ៣ និងចាញ់២(ឈ្នះប្រ៊ុយណេ ១-០, ឈ្នះសិង្ហបុរី ៣-១, ឈ្នះឥណ្ឌូនេស៊ី ២-១, ចាញ់ម៉ាឡេស៊ី ១-០ និងចាញ់វៀតណាម ៣-០) ដែលនាំឲ្យកម្ពុជាមាន ៩ពិន្ទុឈរលេខរៀងទី៤ ចាញ់ក្រុមកំពូលតារាងវៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេតែ ១ពិន្ទុប៉ុណ្ណោះ ។ ជើងឯកបានទៅក្រុមមីយ៉ាន់ម៉ា ។ដោយឡែកឆ្នាំ២០១៨ បេក្ខភាពត្រៀមប្រកួតដណ្ដើមជើងឯក គឺមានកម្ពុជា និងទីម័រខាងកើត ដែលជាលើកដំបូងដូចគ្នា សម្រាប់ការឡើងវគ្គផ្ដាច់ព្រ័ត្រ ។ កម្ពុជាបានប្រកួតក្នុងពូលB ដោយយកឈ្នះសិង្ហបុរី ១-០ និងចាញ់ឡាវ ២-១ តែដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជា បានទម្លាក់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-១ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។ នេះគឺជាមោទនៈភាពមួយ សម្រាប់កម្ពុជា ដើម្បីទាក់ទាញទឹកចិត្តរបស់អ្នកគាំទ្រឡើងវិញ ក្រោយខកខានទទួលបានជោគជ័យក្នុងការប្រកួតលក្ខណៈអន្ដរជាតិជាច្រើនកន្លងមក ។

សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្ររវាងក្រុម U21កម្ពុជា និងទីម័រខាងកើត នឹងចាប់ផ្ដើមនាវេលាម៉ោង ៧៖៣០នាទីយប់នេះ នៅពហុកីឡដ្ឋានជាតិ Hassanal Bolkiah របស់ប្រទេសប្រ៊ុយណេ ។ ចាំមើលតើកម្ពុជា ឬទីម័រខាងកើត នឹងបង្កើតកំណត់ត្រាលើកពានមិត្តភាពអន្ដរជាតិមួយនេះលើកដំបូង? ចំពោះប្រាក់រង្វាន់ជ័យលាភីក្នុងការប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 សម្រាប់ក្រុមជើងឯកនឹងទទួលបាន ១៥,០០០ដុល្លារ, ក្រុមជើងឯករងទទួលបាន ៧,៦០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន ៣,៨០០ដុល្លារ ៕

អត្ថបទ៖ បុត្រា

មតិយោបល់