បើកឆាកពាន AFF ក្រុម U16នារីឡាវ វាយបកឈ្នះកម្ពុជា ៣-១ ល្ងាចមិញ

នូ មករា May 3, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានរបូតអស់ ៣ពិន្ទុទៅហើយ សម្រាប់ប្រកួតបើកឆាកពូលB នៃការប្រកួតបាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 ក្រោយប្រកួតចាញ់ក្រុមបាល់ទាត់នារី U16ឡាវ ដោយលទ្ធផល ៣-១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចមិញ ។

ការប្រកួតដំបូងនេះ ក្រុមកីឡាការិនីកម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីឡាវ ១គ្រាប់នៅតង់ទី១ ។ ប៉ុន្ដែឈានចូលតង់ទី២ ក្រុមបាល់ទាត់នារី U16ឡាវ បានព្យាយាមវាយលុកយ៉ាងខ្លាំង រហូតវាយបករកបាន ៣គ្រាប់វិញ ដើម្បីយកឈ្នះក្រុមបាល់ទាត់នារី U16កម្ពុជា ស្របពេលក្រុមកីឡាការិនីកម្ពុជា មានការថមថយកម្លាំង មិនអាចឱកាសវាយបកវិញឡើយ ។

យ៉ាងណាមិញក្រុមបាល់ទាត់នារី U16កម្ពុជា នៅសល់ ២ប្រកួតក្នងដៃ ដែលសុទ្ធតែជាក្រុមខ្លាំង ក្នុងនោះប្រកួតបន្ទាប់របស់កម្ពុជា គឺត្រូវជួបក្រុមបាល់ទាត់នារី U16 ឥណ្ឌូនេស៊ី នាថ្ងៃទី០៤ ខែឧសភាស្អែកនេះ បន្ទាប់មកទើបខ្លាំងថៃ នៅថ្ងៃទី០៦ ខែឧសភា ដែលជាការប្រកួតកាត់សេចក្ដីចុងក្រោយ ប៉ុន្ដែប្រសិនបើកម្ពុជា បន្ដចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ីតែ ១ប្រកួតទៀតស្អែកនេះ ពួកគេនឹងគ្មានសង្ឃឹមបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចឆ្នាំមុននោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់