កម្ពុជា ប៉ះក្រុមខ្លាំងអូស្រ្ដាលី បើកឆាកពាន AFF Futsal Club Championship 2018

នូ មករា May 3, 2018


ភ្នំពេញ៖ ការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ក្នុងសាលជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF Futsal Club Championship 2018 បានបែងចែកពូល និងកំណត់កម្មវិធីប្រកួតរួចរាល់ហើយ ដោយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ(ស.ស.យ.ក.កំចាយមារ) តំណាងកម្ពុជា ស្ថិតក្នុងពូលA ខណៈការប្រកួតបើកឆាកក្រុមតំណាងកម្ពុជា ត្រូវជួបក្រុមជើងខ្លាំងអូស្រ្ដាលី East Coast Heat FC នាខែកក្កដាខាងមុខ ។

ចំពោះក្រុមស.ស.យ.ក.កំចាយមារ គឺស្ថិតក្នុងពូលA ជាមួយក្រុម East Coast Heat FC របស់អូស្រ្ដាលី, ក្រុមMIC របស់មីយ៉ាន់ម៉ា និងក្រុម Arbisyam FC ប្រ៊ុយណេ ។ រីឯពូលB មាន ៤ក្រុមដូចគ្នា រួមមានក្រុម Bangkok BTS របស់ថៃ, ក្រុម Sanna Khanh Hoa របស់វៀតណាម, ក្រុម Melaka United របស់ម៉ាឡេស៊ី និងក្រុមរបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ខណៈការប្រកួតគ្រោងធ្វើឡើង ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ ដែលកម្ពុជាបានបញ្ជូនក្រុមបាល់ទាត់ក្នុងសាល ដែលតំណាងដោយក្រុម ស.ស.យ.ក.កំចាយមារ ទៅចូលរួមប្រកួតពានកម្រិតតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍បង្កើតអស់រយៈពេល ៤ឆ្នាំកន្លង(បង្កើតកាលពីឆ្នាំ២០១៥) គ្រាដែលក្រុម Thai Port FC របស់ថៃ ទទួលបានជោគជ័យជាងគេ ក្រោយលើកពានចំនួន ៣ឆ្នាំជាប់គ្នា ។

អត្ថបទ៖ បុត្រា

មតិយោបល់