ពានសម្ដេចតេជោ រកឃើញក្រុមឡើងវគ្គ ១/២ ថ្នាក់ខេត្ត និងកក់កៅអីពានថ្នាក់ជាតិហើយ

នូ មករា May 3, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត រដូវកាលទី១២ បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយដ៏ស្វិតស្វាញកាលពីម្សិលមិញ គឺមានក្រុមសាលាបាល់ទាត់ជាតិ U18 បាទី, ក្រុមគិរីវង់អែហ្វស៊ី, ខេត្តកំពត និងខេត្តកោះកុង ។

 ចំពោះលទ្ធផលការប្រកួតក្រុម U18 បាទី បានយកឈ្នះក្រុមស៊ីម៉ាក់ ដោយលទ្ធផល ៤-០, ក្រុមគិរីវង់អែហ្វស៊ី យកឈ្នះខេត្តកំពង់ចាម ៣-១, ខេត្តកំពត យកឈ្នះខេត្តមណ្ឌលគិរី ៣-២ និងខេត្តកោះកុង បានយកឈ្នះខេត្តព្រៃវែង ជាមួយនឹងលទ្ធផល ៣-១ ។ សម្រាប់លទ្ធផលនេះ មិនត្រឹមតែជួយឲ្យក្រុមទទួលបានជ័យជម្នះ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ គឺថែមទាំងទទួលបានកៅអី បន្ដដំណើរទៅចូលរួមប្រកួតពានរង្វាន់ថ្នាក់ជាតិ ដែលគ្រោងចាប់ផ្ដើមនាខែកក្កដាខាងមុខទៀតផង ។

ប៉ុន្ដែមុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC នឹងរៀបចំកម្មវិធីចាប់គូប្រកួតជាមុនសិន នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ ខណៈការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែឧសភាខាងមុខ លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់