ពានស្ដេចប្រ៊ុយណេ៖ កម្ពុជាឡើងវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ ក្រោយទម្លាក់មីយ៉ាន់ម៉ា

នូ មករា May 3, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង បន្ទាប់ពីយកឈ្នះក្រុម U21 មីយ៉ាន់ម៉ា ដោយលទ្ធផល ២-១ នារាត្រីថ្ងៃទី០២ ខែឧសភានេះ ដើម្បីបង្កើតប្រវត្តិសាស្ដ្រឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hassanal Bolkiah Trophy 2018 របស់ព្រះមហាក្សត្រប្រ៊ុយណេលើកដំបូង ក្រោយឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកទី២ ។

ការប្រកួតដ៏សំខាន់នេះ កីឡាករ ណារ៉ុង កក្កដា យុវជនវ័យក្មេងរបស់ក្លឹបក្រសួងការពារជាតិ បានទាត់បំប៉ោងសំណាញ់ក្រុម U21 មីយ៉ាន់ម៉ា ២គ្រាប់ឲ្យក្រុមគោព្រៃជំទង់កម្ពុជា នៅនាទី១៣ និងនាទី៣៤ តែមុនបញ្ចប់តង់ទី១ ក្រុមយុវជនមីយ៉ាន់ម៉ា បានវាយបកបាន ១គ្រាប់វិញ ប៉ុន្ដែលទ្ធផលនេះ មិនមានការប្រែប្រួលនោះទេ ដោយកម្ពុជា រក្សាលទ្ធផលនាំមុខមីយ៉ាន់ម៉ា ២-១ រហូតដល់ចប់ការប្រកួត ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។

នេះគឺជាលើកទី១ ហើយ ដែលកម្ពុជាដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីធ្លាប់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង កាលពីឆ្នាំ២០០៧ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ស្ទួន ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hassanal Bolkiah Trophy 2018 ឆ្នាំនេះ គឺកម្ពុជា ត្រូវជួបក្រុមយុវជន U21 ទីម័រខាងកើត បន្ទាប់ពីក្រុមយុវជនទីម័រខាងកើត បានយកឈ្នះក្រុមយុវជនសិង្ហបុរី ដោយលទ្ធផល ២-១ ដូចគ្នា ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលបានបញ្ចប់ក្នុងម៉ោងដំណាលគ្នា ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់