AFF U16 Girls’៖ កម្ពុជា ប៉ះឡាវម៉ោង ៦ល្ងាចនេះ

នូ មករា May 2, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបើកឆាកពូលB នៃពានរង្វាន់បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 នាល្ងាចថ្ងៃទី០២ ខែឧសភានេះហើយ ដោយត្រូវជួបក្រុម U16នារីឡាវ ។ ចាំមើលកម្ពុជា ឬឡាវ នឹងរកបាន ៣ពិន្ទុពីការប្រកួតដំបូងរបស់ខ្លួន? សូមបញ្ជាក់ថា សម្រាប់ពូលB នៃពានរង្វាន់បាល់ទាត់នារីកម្រិតអាស៊ាននេះ គឺមាន ៤ប្រទេស រួមមានកម្ពុជា ថៃ ឡាវ និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។  

ចំពោះក្រុមបាល់ទាត់នារី U16កម្ពុជា ក្រោយចប់ការប្រកួតជាមួយឡាវ ពួកគេត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៤ ខែឧសភា មុនប្រកួតកាត់សេចក្ដីចុងក្រោយជាមួយក្រុមការពារតំណែងជើងឯក U16ថៃ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ។

ដោយឡែកចំពោះលទ្ធផលបណ្ដោះអាសន្ន នៃពូលA ដែលបានធ្វើការប្រកួតពីម្សិលមិញចំនួន ២ប្រកួត គឺសុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា ក្នុងនោះក្រុមបាល់ទាត់នារីវៀតណាម ប្រកួតស្មើក្រុមមីយ៉ាន់ម៉ា ០-០ ខណៈក្រុម U16នារីសិង្ហបុរី ប្រកួតស្មើក្រុមខ្លាំងម៉ាឡេស៊ី ៣-៣ ដែលនាំឲ្យក្រុមទាំង ៤ មាន ១ពិន្ទុស្មើគ្នា លើកលែងតែក្រុមបាល់ទាត់នារីហ្វីលីពីន ដែលមិនទាន់បានឆ្លងកាត់ការប្រកួតនៅឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់