ពានស្ដេចប្រ៊ុយណេ៖ កម្ពុជា ប៉ះមីយ៉ាន់ម៉ា ក្នុងវគ្គ ១/២ផ្ដាច់ព្រ័ត្រយប់នេះ

នូ មករា May 2, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា ត្រូវជួបក្រុមយុវជន U21មីយ៉ាន់ម៉ា នៅម៉ោង ៧៖១៥នាទីយប់នេះ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ។ ចាំមើលតើកម្ពុជា អាចកែប្រែប្រវត្តិសាស្ដ្រឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លក្ខណៈមិត្តភាពនេះបានឬទេ? នេះគឺជាលើកទី២ ហើយ ដែលកម្ពុជាបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេខាងលើ ខណៈកាលពីលើកទី១ កម្ពុជា ត្រូវបានក្រុមខ្លាំងថៃ លត់ជាមួយលទ្ធផល ១០-១ កាលពីឆ្នាំ២០០៧ ប៉ុន្ដែកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៣ ស្ទួនជាមួយក្រុម U21ម៉ាឡេស៊ី ដែលបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា គ្រាដែលថៃ បានក្លាយជាជើងឯកពេលនោះ ។
សម្រាប់ការប្រកួតយប់នេះវិញ លោក ប្រាក់ សុវណ្ណារ៉ា នៅតែមានភាពជឿជាក់លើកូនក្រុមរបស់ខ្លួន ក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម U21មីយ៉ាន់ម៉ា ។ តែទន្ទឹជាមួយគ្នាលោកក៏មានការបារម្ភខ្លះផងដែរ បន្ទាប់ពីកីឡាករ ម៉ាត់ ណូរុន ដែលរបួសបែកចង្ការជាង ២០ថ្នេរ ពេលជួបសិង្ហបុរី មិនអាចចូលរួមការប្រកួតដ៏សំខាន់នេះបាន ។ តែលោកបានប្ដេជ្ញាចិត្ត នឹងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីនាំក្រុមគោព្រៃជំទង់កម្ពុជា ឈានដល់វគ្គផ្ដាច់ព្រ័ត្រលើកដំបូង ។
ដោយឡែកចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត គឺកក្រុមយុវជន U21 សិង្ហបុរី ត្រូវជួបក្រុមយុវជនទីម័រខាងកើត ដែលនឹងចាប់ផ្ដើមប្រកួត នៅម៉ោង ៧៖១៥នាទីយប់នេះដូចគ្នា ។ សម្រាប់ប្រាក់រង្វាន់ នៃពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិនេះវិញ ចំពោះក្រុមជើងឯកនឹងទទួលបាន ១៥,០០០ដុល្លារ, ក្រុមជើងឯករងទទួលបាន ៧,៦០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន ៣,៨០០ដុល្លារ ៕
អត្ថបទ៖ បុត្រា

មតិយោបល់