ក្លិបកីឡាបាល់ទាត់វិសាខាចូលរួមផលិតទូក ង វែងជាងគេលើពិភពលោកនៅខេត្តព្រៃវែង

នូ មករា May 1, 2018


ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់វិសាខា បានដឹកនាំក្រុមកីឡាកររបស់ខ្លួនចូលរួម ធ្វើទូក ង វែងជាងគេលើពិភពលោក នៅក្នុងខេត្តព្រៃវែង ស្របពេលដែល ឯកឧត្តម ស សុខា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្លិបកីឡាបាល់ទាត់វិសាខា បានប្រកាសឱ្យមហាជនចូលរួមបំបែកកំណត់ត្រាពិភពលោកនេះ។
 
នេះមិនមែនជាលើកទី១ទេ ដែលក្លិបកីឡាបាល់ទាត់វិសាខា បានដឹកនាំក្រុមកីឡាកររបស់ខ្លួនចូលរួមជួយការងារសង្គមនោះ ខណៈដែលកាលពីពេលថ្មីៗនេះក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដែលទើបតែបញ្ចប់នោះក្រុមកីឡាបាល់ទាត់វិសាខា ក៏បានចូលរួមស្ម័គ្រចិត្តជួយរៀបចំពិធីសង្គ្រាន្តក្នុងខេត្តព្រៃវែងផងដែរ។
 
សូមបញ្ជាក់ថា ទូក ង ដែលកម្ពុជានឹងត្រូវបំបែកកំណត់ត្រាពិភពលោកនោះ ផ្តោតលើ ៣ចំណុចសំខាន់ៗ ដូចជា៖ ទី១. ការរចនាទម្រង់ទូក និងក្បាច់ផ្កាភ្ញីលំអរ ស្រប តាមរចនាបទខ្មែរបុរាណ។ ទី២. ការរចនាសំលៀកបំពាក់គ្រឿងលម្អខ្មែរបុរាណរបស់ក្រុមដង្ហែរទូក និង ទី៣. ការដាក់ឈ្មោះទូកឱ្យស្របតាមទំនៀមទំលាប់ប្រពៃណីបុព្វបុរសខ្មែរយើង។ ជាមួយគ្នានេះដែល ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់មហាជនគ្រប់ស្រទាប់វណ្ណ: គោរពអញ្ជើញបងប្អូនគ្រប់មជ្ឈដ្ឋានបន្តចូលរួមផលិតទូក ង នេះដើម្បីភ្ជាប់និស្ស័យ និងជាមោទកភាពជាតិខ្មែរយើងដោយទីតាំងផលិតស្ថិតនៅខាងមុខសាលាខេត្តព្រៃវែងតំបន់ចុងប៉ម ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់