ពានស្ដេចប្រ៊ុយណេ៖ កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែ ម៉ាត់ ណូរុន របួសធ្ងន់

នូ មករា May 1, 2018


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា បានសម្រេចក្ដីស្រមៃឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ហើយ ក្រោយយកឈ្នះទាំងពិបាកលើក្រុមយុវជន U21 សិង្ហបុរី ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Track & Field Sport Complex នៃប្រទេសប្រ៊ុយណេកាលពីយប់មិញ ។
  
ប៉ុន្ដែទន្ទឹមនឹងការស្ដារមុខមាត់បានឡើងវិញរបស់ក្រុម U21កម្ពុជា ក៏កើតមានរឿងគួរឲ្យសោកស្ដាយមួយផងដែរ ដោយកីឡាករ ម៉ាត់ ណូរុន សមាជិកក្លឹបអគ្គិសនីកម្ពុជា បានរងរបួសធ្ងន់ ដោយបែកចង្ការ និងត្រូវដេរដល់ទៅជាង ២០ថ្នេរឯណោះ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករសិង្ហបុរី Irfan Fandi ដែលបានលើកជើងធាក់រារាំងការអ៊ូសបាល់ចូលប្រអប់គ្រោះថ្នាក់របស់សិង្ហបុរី នៅនាទី៣៤ ពោលគឺក្រោយការរកបានគ្រាប់បាល់ជ័យជម្នះរបស់កីឡាករ សុះ ស៊ូហាណា រយៈពេល ១០នាទី ។
ជាមួយនឹងការបង្កកំហុសលើកីឡាករដ៏សំខាន់របស់កម្ពុជានេះ អាជ្ញាកណ្ដាលបានពិន័យកីឡាករ Irfan Fandi មុនបន្ដប្រកួតហូតដល់ចប់ ៩០នាទី ដោយក្រុម U21កម្ពុជា បានយកឈ្នះក្រុម U21 សិង្ហបុរី ក្នុងលទ្ធផល ១-០ ។ ជ័យជម្នះនេះ បានជួយឲ្យក្រុមរបស់លោក ប្រាក់ សុវណ្ណារ៉ា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមសិង្ហបុរី ខណៈក្រុម U21ឡាវ បានត្រឹមសោកស្ដាយប៉ុណ្ណោះ ទោះបីរកបាន ៣ពិន្ទុស្មើៗគ្នាក៏ដោយ ។
 
ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Hassanal Bolkiah Trophy 2018 ក្រុម U21កម្ពុជា(លេខ២ ពូលB) ត្រូវជួបក្រុមយុវជនមីយ៉ាន់ម៉ា(លេខ១ ពូលA) និងក្រុមយុវជនសិង្ហបុរី(លេខ១ ពូលB) ត្រូវជួបក្រុមយុវជនទីម័រខាងកើត(លេខ២ ពូលA) នៅវេលាម៉ោង ៧៖១៥នាទីយប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ប្រជែងតំណែងជើងឯករៀងៗខ្លួន ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់