លេចលឺថា អតីតដៃគូរបស់ទិនហ្វីនឹងបង្ហាញខ្លួននៅភ្នំពេញក្រោនក្នុងការប្រកួតមិត្តភាពវ័យចំណាស់

នូ មករា April 30, 2018


ភ្នំពេញ៖ តាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងថា លោក Natalis Chan ដែលជាអតីតតារាកំប្លែងជើងចាស់មួយរូបរបស់ហុងកុង និងធ្លាប់ត្រូវបានទស្សនិកជនកម្ពុជាស្គាល់ថាជាដៃគូរបស់ទិនហ្វី (លោក Stephen Chow) នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពវ័យចំណាស់ DATO Jimmy HTC Challenge Cup 2018 នាដើមខែក្រោយ ។

គួររំលឹកថា លោក  Natalis Chan កើតនៅឆ្នាំ១៩៥០​ ហើយជាតារាជើងចាស់មួយរូបរបស់ចិនដែលមានជំនាញផ្នែកសម្តែងពិសេសភាពយន្តបែបកំប្លុកកំប្លែង, ផ្នែកចម្រៀង, ជាពិធីករ និងជាអ្នកដឹកនាំរឿងផងដែរ ។ លោកបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញនាអំឡុងទសវត្សឆ្នាំ១៩៨០ និង១៩៩០​ បន្ទាប់ពីបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាច្រើន ពិសេសនៅក្នុងពេលសម្តែងជាមួយលោក Stephen Chow ឬ ទិនហ្វី តែម្តង ។ ជាងនេះទៅទៀត រូបលោកក៏ជាអ្នកដែលនិយមកីឡាថែមទៀតផង ដោយក្រៅពីបាល់ទាត់ លោកក៏ជាអ្នកបង្វឹកសេះប្រណាំងដ៏មានទេពកោសល្យ និងធ្លាប់ទទួលបានជោគជ័យជាច្រើនលើករួចមកហើយ ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះមាន ៤ក្រុមចូលរួមពោលគឺក្រុមតំណាងកម្ពុជា, ម៉ាឡេសុី, សហរដ្ឋអាមេរិគ និងហុងកុង-ម៉ាកាវ ដោយនឹងធ្វើឡើងពេញមួយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដោយក្រុមនីមួយៗត្រូវឆ្លងកាត់ការប្រកួត ៣លើកនៅក្នុងវគ្គជម្រុះមុននឹងជ្រើសរើសក្រុមខ្លាំង ២ឡើងទៅប្រកួតគ្នានាវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ។ ការប្រកួតជាលក្ខណៈមិត្តភាពនេះមានកីឡាករចូលរួមមកពីមជ្ឈដ្ឋានឥស្សរជនផ្នែកធុរកិច្ច, កីឡា និងសិល្បៈជាដើមដោយមានវ័យចាប់ពី ៤៥ឆ្នាំឡើងទៅហើយការប្រកួតនេះមានរយៈពេល ២០នាទីក្នុងមួយវគ្គ ៕

អត្ថបទ៖ មករា

 

 

មតិយោបល់