ក្រុម U16 នារីកម្ពុជា ត្រៀមចូលរួមប្រកួតពាន AFF នៅឥណ្ឌូនេស៊ីដើមខែក្រោយ

នូ មករា April 24, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 នាដើមខែឧសភាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី ។ នេះបើតាមការឲ្យដឹងរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
ចំពោះព្រឹត្តិការណ៍នេះ គឺមានក្រុមបាល់ទាត់នារី ៩ក្រុមក្នុងតំបន់អាស៊ានចូលរួម ដោយបែងចែកជា ២ពូល ក្នុងនោះក្រុម U16 នារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជើងខ្លាំងថៃ ឥណ្ឌូនេស៊ី និងក្រុមបាល់ទាត់នារីឡាវ ខណៈពូលA គឺមានវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៨ ។
សូមរំឮកថា កាលពីឆ្នាំមុនក្រុម U16នារីកម្ពុជា ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា ៣-១ ។ ចំពោះកម្មវិធីប្រកួតឆ្នាំនេះ ថ្ងៃបើកឆាកកម្ពុជា គឺត្រូវជួបក្រុម U16នារីឡាវ នៅថ្ងៃទី០២ ខែឧសភា មុនបន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៤ ខែឧសភា បន្ទាប់មកទើបជួបក្រុមខ្លាំងថៃ នៅថ្ងៃទី០៦ ខែឧសភាខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់