គ្រូវិសាខា ចាត់ទុកការឈ្នះក្រុមវេស្ទើន ៣-០ អាចជារឿងសំណាង ព្រោះ….!

នូ មករា April 24, 2018


ភ្នំពេញ៖ លោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា ហាក់មិនពេញចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុម អំឡុងពេលប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើន ដោយលទ្ធផល ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅឡើយ ហើយលោកបានចាត់ទុកជ័យជម្នះនេះ គឺជារឿងសំណាង ព្រោះបើប៉ះក្រុមខ្លាំង លទ្ធផលអាចនឹងយ៉ាប់យ៉ឺន មិនល្អប្រសើរដូច្នេះនោះទេ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចប់ការប្រកួតលោក ហុក សុជីវ័ន្ដ បាននិយាយថា៖ «ទម្រង់លេងយើងថ្ងៃនេះ គឺពិបាក ទោះបីចង់កែទម្រង់លេងខ្លះ ក៏យើងមិនអាចកែទៅរួច ចឹងយើងបកមកលេងទម្រង់ដើមរបស់យើងវិញទើបអាចគ្រប់គ្រងស្ថានការណ៍បានខ្លះ ប៉ុន្តែអ្វីដែលយើងធ្វើ គឺនៅមានភាពខ្វះខាត ជាក់ស្ដែងការប្រកួតនេះ មានការខ្វះចន្លោះច្រើនមែនទែន ។ នេះយើងប៉ះក្រុមវេស្ទើន នៅមានកីឡាករក្មេងៗច្រើន ប៉ុន្ដែយើងនៅបង្កកំហុសច្រើន តែបើប៉ះក្រុមខ្លាំងវិញ លទ្ធផលយើងអាចពិបាកមែនទែន» ។ ការលើកឡើងបែបនេះ ដោយសារលោកមើលឃើញពីកំហុសដ៏ច្រើនរបស់កូនក្រុម ក្នុងការប្រកួតសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ជាមួយក្រុមវេស្ទើនភ្នំពេញ ។
យ៉ាងណាក៏ដោយ លោកបានរំពឹងថា ឆ្លៀតក្នុងឱកាសលីគសម្រាករហូតដល់ពាក់កណ្ដាលខែឧសភាខាងមុខ កីឡាករមួយចំនួន នឹងព្យាយាមកែកំហុសខ្លួនឡើងវិញឲ្យបានល្អប្រសើរ សម្រាប់ការត្រៀមប្រកួតបន្ទាប់ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។
 
សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នបច្ចុប្បន្ន វិសាខា កំពុងឈរលេខរៀងទី៣ ដោយកាន់ ១០ពិន្ទុស្មើក្រុមឈរលេខរៀងទី៤ អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)ដែរ ក្រោយឆ្លងកាត់ការប្រកួត ៥លើកឈ្នះ៣ ស្មើ១ និងចាញ់១ តាមពីក្រោយក្រុមលំដាប់កំពូលតារាងណាហ្គាវើលដ៍ និងក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី ដែលកំពុងកាន់ ១៣ពិន្ទុក្នុងដៃស្មើគ្នា ជាមួយនឹងលទ្ធផល ៥ប្រកួតឈ្នះ៤ ស្មើ១ មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់