គ្រូ Ceres Negros សរសើរកូនក្រុម ដែលជម្នះឧបសគ្គជាច្រើន ដើម្បីយកឈ្នះបឹងកេត ៤-០

នូ មករា April 12, 2018


ភ្នំពេញ៖ លោក Risto Vidakovic បានសម្ដែងក្ដីរីករាយជាខ្លាំង ក្រោយដឹកនាំក្រុម Ceres Negros យកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ៤-០ នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 ប្រចាំពូលF លើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ ។ មិនតែប៉ុណ្ណោះ លោកបានកោតសរសើរកូនក្រុមខ្លួន ដែលបានជម្នះនូវរាល់ឧបសគ្គលើទីលានច្រើន ពិសេសគឺបញ្ហាអាកាសធាតុ រហូតទទួលបានលទ្ធផលល្អដូច្នេះ ។

គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតថា៖ «កូនក្រុមរបស់ខ្ញុំ បានគ្រប់គ្រងលើទីលាន តាំងពីចាប់ផ្ដើម រហូតដល់ចប់ការប្រកួត និងទទួលជ័យជម្នះបានល្អ ។ ប៉ុន្ដែអ្វីដែលសំខាន់ ការប្រកួតនេះ មិនមែនជាការប្រកួតងាយស្រួលនោះទេ ព្រោះអាកាសធាតុក្ដៅ ហើយលេងលើទីលានស្មៅសិប្បនិម្មិតធ្វើឲ្យមានបញ្ហា ។ ដូច្នេះកូនក្រុមខ្ញុំ អាចគ្រប់គ្រងស្ថានភាពលើទីលានបាន គឺជួបនូវការលំបាកច្រើន» ។

យ៉ាងណាមិញលោក Risto Vidakovic មិនហ៊ានសប្បាយចិត្តនឹងជ័យជម្នះលើក្រុមបឹងកេត រហូតភ្លេចនោះទេ ដោយសារក្រុមលោកត្រូវឆ្លងកាត់ការប្រកួតដ៏សំខាន់មួយទៀត គឺជំនួបជាមួយក្រុម Home United របស់សិង្ហបុរី នាថ្ងៃទី២៥ ខែមេសាខាងមុខ ដែលជាការប្រកួតដណ្ដើមកៅអីកំពូលតារាងពូលF និងកៅអីវគ្គបន្ដ នៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ។

បច្ចុប្បន្នក្រុម Ceres Negros កំពុងកាន់ ១៣ពិន្ទុឈរកំពូលតារាង ខណៈក្រុម Home United ឈរលេខ២ មាន ១០ពិន្ទុ ហេតុនេះប្រកួតចុងក្រោយ Ceres Negros ត្រូវការត្រឹម ១ពិន្ទុប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គបន្ដ ៕

អត្ថបទ៖ បុត្រា

មតិយោបល់