AFC Cup៖ បឹងកេត ហាលអាវក្រោយបន្ដចាញ់ Ceres Negros ៤-០

នូ មករា April 11, 2018


 ភ្នំពេញ៖ ជំនួបជើងទី២ រវាងក្រុមបឹងកេត និងក្រុម Ceres Negros របស់ហ្វីលីពីនបានបញ្ចប់ហើយ ដោយជ័យជម្នះបានទៅក្រុមភ្ញៀវហ្វីលីពីន ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ៤-០ នៅក្នុងការប្រកួតជម្រុះពូលF នៃពានរង្វាន់ AFC Cup 2018 នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។ ការបរាជ័យនេះ បានធ្វើឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេត ហាលអាវជាផ្លូវការហើយ ទោះបីសល់មួយប្រកួតក្នុងដៃក៏ដោយ ។
ការប្រកួតដ៏សំខាន់នេះ ក្រុម Ceres Negros នៅតែបន្ដគ្រប់គ្រងបាល់ និងដាក់សម្ពាធលើក្រុមបឹងកេត ក្នុងនោះតង់ទី១ ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Maraa ON នៅនាទី៣៦ និងនាទី៣៧ មុននឹងក្រុមជើងខ្លាំងរបស់ហ្វីលីពីនេះ បន្ថែម ២គ្រាប់ទៀត នៅតង់ទី២ ដែលរកបានដោយកីឡាករ Maraa ON នៅនាទី៧៣ ហើយក៏ជាគ្រាប់ទី៣(Hart Trick) ក្នុងការប្រកួតនេះ និង ១គ្រាប់ទៀត ធ្វើសម្រេចដោយកីឡាករ Uesato នៅនាទី៨៤ ។ រីឯក្រុមបឹងកេត បានត្រឹមខកចិត្តប៉ុណ្ណោះ ក្រោយមានឱកាសម្ដងម្កាល តែធ្វើមិនបានសម្រេច ។
ក្រោយបញ្ចប់ការប្រកួតនេះ សរុបលទ្ធផលជួបគ្នា ២ជើងបឹងកេត ចាញ់ Ceres Negros ១៣-០(ជើងទី១ ចាញ់ក្រៅដី ៩-០) ដែលនាំឲ្យបឹងកេត នៅតែបន្ដឈរបាត់តារាង និងរក្សា ៣ពិន្ទុដដែល ជាមួយលទ្ធផល ៥ប្រកួតឈ្នះ១ និងចាញ់ ៤ ផ្ទុយពីក្រុម Ceres Negros ពួកគេនៅតែបន្ដឈរកំពូលតារាង និងមានឱកាសកាន់តែខ្ពស់ក្នុងការស្វែងរកកៅអីវគ្គបន្ដ នៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីមួយនេះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ៤ និងស្មើ១ មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយ ។
អត្ថបទ៖ បុត្រា

 

មតិយោបល់